លោក ដូណាល់ ត្រាំ ផ្ញើសារថា បើ ណាតូ នៅតែស្ទាក់ស្ទើរវាយអ៊ីរ៉ង់ អាម៉េរិកអាចនឹងពិចារណាចំពោះសម្ព័ន្ធភាពឡើងវិញ
សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តណាតូ (NATO) ដោយចោទប្រកាន់ថា ប្រទេសទាំងនោះ មិនបានបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាអាសន្ននោះឡើយ។ ស្ថិតនៅក្នុងសន្និសីទកាសែតនៅឯមន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានបញ្ជាក់ថា លោក ត្រាំ យល់ឃើញថា សម្ព័ន្ធភាពនឹងគ្មានន័យឡើយ ប្រសិនបើសមាជិកម្នាក់ៗស្ទាក់ស្ទើរក្នុងការផ្តល់ជំនួយ ឬសូម្បីតែការយល់ព្រមបើកផ្លូវអាកាសឱ្យអាម៉េរិក ប្រើប្រាស់ក្នុងប្រតិបត្តិការយោធាដើម្បីសេរីភាព ។
ភាពតានតឹងនេះ បានកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល កំពុងស្ថិតក្នុងជម្លោះប្រដាប់អាវុធយ៉ាងស្រួចស្រាវជាមួយប្រទេសអ៊ីរ៉ង់។ លោក ហេកសេត (Hegseth) បានរំឭកថា គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ គឺជាការគំរាមកំហែងដោយផ្ទាល់ដល់បណ្តាប្រទេសនៅអឺរ៉ុប ប៉ុន្តែនៅពេលអាម៉េរិក សុំកិច្ចសហការដើម្បីការពារសេរីភាពពិភពលោក សម្ព័ន្ធមិត្តមួយចំនួនបែរជាដាក់ឧបសគ្គ និងចោទជាសំណួរយ៉ាងច្រើនទៅវិញ ។
ទាក់ទងនឹងបញ្ហាថាមពល លោក ត្រាំ បានផ្ញើសារបង្កប់ដោយការឌឺដងទៅកាន់ប្រទេសអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតដែលកំពុងខ្វះខាតប្រេងយន្តហោះ ដោយសារតែការបិទច្រកសមុទ្រហ័រម៉ូស (Hormuz)។ លោកបានជំរុញឱ្យប្រទេសទាំងនោះទិញប្រេងពីអាម៉េរិក ឬបើមិនអញ្ចឹងទេ ត្រូវមានសេចក្តីក្លាហានទៅតតាំងដណ្តើមយកប្រេងនៅច្រកសមុទ្រនោះដោយខ្លួនឯងចុះ ព្រោះអាមេរិកនឹងមិនបន្តការពារអ្នកដែលមិនព្រមជួយអាម៉េរិកឡើយ ។
ស្ថានភាពនៅច្រកសមុទ្រ ហ័រម៉ូស (Hormuz) កាន់តែស្មុគស្មាញ ខណៈអ៊ីរ៉ង់ បានប្រកាសបិទផ្លូវទឹកដ៏សំខាន់នេះចំពោះប្រទេសណាដែលសហការជាមួយសត្រូវរបស់ខ្លួន។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អាម៉េរិកបានធ្វើកិច្ចការដ៏លំបាកបំផុតក្នុងការវាយកម្ទេចកម្លាំងអ៊ីរ៉ង់រួចរាល់ហើយ ដូច្នេះវាជាភារកិច្ចរបស់សម្ព័ន្ធមិត្តក្នុងការរៀនការពារខ្លួនឯង និងតស៊ូដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ ។
ខណៈនេះ អនាគតនៃអង្គការណាតូ (NATO) ហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយលោក ត្រាំ នឹងរង់ចាំមើលលទ្ធផលនៃសង្គ្រាមនេះសិន ទើបសម្រេចចិត្តថាតើត្រូវបន្តទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តទាំងនេះក្នុងរូបភាពបែបណានៅថ្ងៃខាងមុខ។ គិតត្រឹមសប្តាហ៍ទី៥ នៃសង្គ្រាមនេះ ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងជាលំដាប់ ដោយខាងអ៊ីរ៉ង់បានបញ្ជាក់ថា មានការបាត់បង់ជីវិតមនុស្សជាង ១,៩០០ នាក់ ខណៈខាងអាម៉េរិក និងអ៊ីស្រាអ៊ែលក៏មានការខាតបង់កម្លាំងទ័ពមួយចំនួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Shutter Stock/ (Artur Widak/Getty Images)