ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ បើគុយបាចង់ស្រោចស្រង់សេដ្ឋកិច្ច ទាល់តែត្រូវផ្លាស់ប្ដូររដ្ឋាភិបាលជាមុនសិន

image
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានរិះគន់ខ្លាំងៗទៅលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេសគុយបា ដោយលោកចាត់ទុកថា ដែនកោះមួយនេះកំពុងស្ថិតក្នុងស្ថានភាពនៃ "សោកនាដកម្ម" សេដ្ឋកិច្ច ។

លោកសង្កត់ធ្ងន់ថា គុយបាគ្មានប្រព័ន្ធសេដ្ឋកិច្ចពិតប្រាកដសម្រាប់ទ្រទ្រង់ជាតិឡើយ ហើយគំរូដែលពួកគេកំពុងប្រើប្រាស់ គឺជាគំរូដែលមិនអាចយកទៅអនុវត្តបាននោះទេ ពោលគឺមិនអាចអនុវត្តបាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោកតែម្ដង ។

លោក Rubio អះអាងជាបន្តថា មូលហេតុចម្បងដែលនាំឱ្យគុយបាជួបវិបត្តិ គឺបណ្ដាលមកពីអសមត្ថភាពរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ដែលមិនមានលទ្ធភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់យ៉ាងច្បាស់ថា គុយបាចាំបាច់ត្រូវធ្វើការកែទម្រង់ធំៗចំនួនពីរក្នុងពេលតែមួយ គឺការកែទម្រង់សេដ្ឋកិច្ច និងការកែទម្រង់ប្រព័ន្ធនយោបាយ ដែលមានន័យថាការកែប្រែសេដ្ឋកិច្ច គឺមិនអាចទៅរួចឡើយ ប្រសិនបើមិនមានការផ្លាស់ប្តូររដ្ឋាភិបាល ។

ជាចុងក្រោយ លោក Rubio បានបង្ហើបឱ្យដឹងថា សហរដ្ឋអាម៉េរិកកំពុងតែតាមដាន និងធ្វើការងារលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅគុយបា។ សារនេះ បង្ហាញពីជំហររឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់សម្ពាធឱ្យមានការប្តូរប្រព័ន្ធដឹកនាំនៅគុយបា ដើម្បីជាថ្នូរនឹងការស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងដុនដាបខ្លាំងក្នុងពេលបច្ចុប្បន្ន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ RT/ Wikimedia Commons/ Courtesy of Cupet