ក្រោយអ៊ីរ៉ង់ ព្រមានវាយប្រហារក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក លោកត្រាំ ផ្លែផ្កាថា អ៊ីរ៉ង់យកកាំភ្លើងជ័រមកគំរាមមែនទេ?
សហរដ្ឋអាម៉េរិក៖ ស្ថិតនៅក្នុងការិយាល័យអូវ៉ល ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរមិនរុញរា ជាមួយនឹងការប្រើពាក្យសម្តីឌឺដងដាក់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងតេហ៍រ៉ង់ បានព្រមានវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក។ លោក ត្រាំ បានសួរត្រឡប់ទៅអ្នកកាសែតវិញដោយភាពជឿជាក់ថា តើអ៊ីរ៉ង់យកអ្វីមកគំរាម បើកម្លាំងរបស់ពួកគេត្រូវបានបង្រ្កាបជិតអស់ទៅហើយនោះ ដោយលោកថែមទាំងប្រៀបធៀបការគំរាមនោះថា ដូចជាការប្រើកាំភ្លើងជ័រក្មេងលេងតែប៉ុណ្ណោះ ។
នាពេលថ្មីៗនេះ ការគំរាមកំហែងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានដៅមុខសញ្ញាទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៨ ល្បីៗរបស់អាម៉េរិក រួមមានដូចជា អេបផល (Apple), ម៉ៃក្រូសូហ្វ (Microsoft), ហ្គូហ្គល់ (Google) និងអិនវីឌៀ (NVIDIA) ជាដើម។ អ៊ីរ៉ង់ បញ្ជាក់ថា ការវាយប្រហារនឹងកើតឡើងចាប់ពីថ្ងៃទី១ ខែមេសា ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែបន្តយុទ្ធនាការធ្វើឃាតលើក្រុមថ្នាក់ដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ដែលសកម្មភាពនេះ បានធ្វើឱ្យស្ថានភាពរវាងប្រទេសទាំងពីរកាន់តែតានតឹងខ្លាំង ។
ទោះជាមានការព្រមានចំៗបែបនេះក្តី លោក ត្រាំ បានបញ្ជាក់យ៉ាងដាច់អហង្ការថា លោកមិនមានការបារម្ភទាល់តែសោះចំពោះសុវត្ថិភាពរបស់ក្រុមហ៊ុនទាំងនោះ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ លោកសង្កត់ធ្ងន់ថា អ៊ីរ៉ង់គ្មានសមត្ថភាពនឹងប្រើអាវុធធុនធ្ងន់ដូចជាអាវុធនុយក្លេអ៊ែរមកលើក្រុមហ៊ុនអាម៉េរិកឡើយ ហើយលោកក៏បានរំឭកជាថ្មីដែរថា មន្ត្រីជាន់ខ្ពស់ភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានកម្ចាត់រួចរាល់អស់ទៅហើយ ដូច្នេះការគំរាមកំហែងនេះគ្រាន់តែជាការបំភ័យដែលគ្មានប្រសិទ្ធភាពប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Andrew Harnik/Getty Images)/ Shutter Stock