ព័ត៌មានជាតិ

ប្រធានសមាគមជប៉ុន-កម្ពុជា​ ជម្រាបជូនសម្ដេចតេជោ​ ហ៊ុន​ សែន​ ថានឹងទាក់ទាញវិនិយោគគិនជប៉ុន ឱ្យមកបណ្ដាក់ទុនក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម​ នៅកម្ពុជា ឱ្យបានកាន់តែច្រើន

image

ភ្នំពេញ​៖​ ប្រធានសមាគមជប៉ុន-កម្ពុជា​ បានជម្រាបជូនសម្ដេចតេជោ​ ហ៊ុន​ សែន​ ពីចំណាប់អារម្មណ៍ក្នុងការជំរុញក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាឱ្យកាន់តែច្រេីនបន្ថែមទៀត។

មានប្រសាសន៍​បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នៅព្រឹក​ថ្ងៃទី១​ មេសា​ ឆ្នាំ២០២៦​ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភំ្នពេញ​។

យោងតាម​ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជាដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

លោកបានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយបានលើកឡើងថា លោក និងសហការី នៅពេលដែលមកដល់ប្រទេសកម្ពុជាម្ដងៗតែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់របស់កម្ពុជានិងមានមោទនភាព ដែលលោកផ្ទាល់ និងសហការីបានចូលរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

នៅក្នុងឱកាសនោះ ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពោល គឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែល សមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគមរបស់លោកក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។ ទន្ទឹមនឹងនេះប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលលោកបានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀតដើម្បីនាំចេញទៅក្រៅប្រទេស។

ជាការឆ្លេីយតប​ សម្ដេចតេជោ បានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់ប្រធានសមាគមជប៉ុន-កម្ពុជា ហើយសម្ដេចក៏បានពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគមដែលបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ សម្ដេចតេជោបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុនក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ដោយសម្ដេចជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕

អត្ថបទ​៖ ឈឹម​ ធីតា​
រូបភាព​៖​ ង៉ាន់​ សំណាង​, ប៉ក់​ សុឃីម