ព័ត៌មានអន្តរជាតិ

បណ្តាញទូទាត់ជាតិឡាវ បង្ហាញទិន្នន័យថា ការចាយវាយតាម QR កូដ រវាងឡាវ ជាមួយកម្ពុជា និងប្រទេសជិតខាងផ្សេងទៀត កាន់តែមានភាពងាយស្រួល

image

ឡាវ៖ បណ្តាញទូទាត់ជាតិឡាវ (LAPNet) បានចេញរបាយការណ៍ក្នុងឆ្នាំ ២០២៥ ថា ធនាគារសមាជិកនៅក្នុងប្រទេសឡាវ បានសម្របសម្រួលសេវាទូទាត់ប្រាក់តាម QR កូដឆ្លងដែនជាមួយប្រទេសចំនួន ៤ រួមមាន កម្ពុជា ចិន វៀតណាម និងថៃ ។

សម្រាប់ការទូទាត់ ចូល (Inbound) ពោលគឺជនបរទេសមកចាយវាយក្នុងប្រទេសឡាវ៖ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានទឹកប្រាក់ប្រមាណ ១៥៣.២ ពាន់លានគីប (ប្រហែល ៧ លានដុល្លារ) ឬស្មើនឹង ៥១% នៃការទូទាត់សរុប។ បន្ទាប់មក ប្រទេសថៃ មានចំនួន ១៣៩.៥៩ ពាន់លានគីប (ប្រហែល ៦.៤ លានដុល្លារ) ស្មើនឹង ៤៨%។ ចំណែកប្រទេសវៀតណាមមានចំនួន ៤.៣៨ ពាន់លានគីប (ប្រហែល ២ សែនដុល្លារ) និងកម្ពុជាមានចំនួន ៤.១៤២ ពាន់លានគីប (ប្រហែល ១.៩ សែនដុល្លារ) ។

សម្រាប់ការទូទាត់ ចេញ (Outbound) ពោលគឺជនជាតិឡាវទៅចាយវាយនៅក្រៅប្រទេស៖ ប្រទេសថៃទទួលបានតួលេខខ្ពស់ជាងគេ ដោយទទួលបានទឹកប្រាក់ប្រមាណជា ៣៣១ ពាន់លានគីប (ប្រហែល ១៥.១ លានដុល្លារ) បន្ទាប់មកគឺប្រទេសកម្ពុជា ដែលមានទឹកប្រាក់ចំនួន ១២.៨ លានគីប (ប្រហែល ៥៨៧ ដុល្លារ) ។

របាយការណ៍នេះ សបញ្ជាក់ឱ្យឃើញពីជោគជ័យនៃការពង្រីកបណ្តាញទូទាត់ប្រាក់ឌីជីថលក្នុងតំបន់អាស៊ាន និងចិន។ ទោះបីជាតួលេខនៃការទូទាត់រវាងឡាវ និងកម្ពុជានៅមានចំនួនតិចតួចបើធៀបនឹងថៃ និងចិន ប៉ុន្តែវាគឺជាសញ្ញាវិជ្ជមាននៃការចាប់ផ្តើមសមាហរណកម្មហិរញ្ញវត្ថុ ដែលនឹងជួយជំរុញកំណើនទេសចរណ៍ និងពាណិជ្ជកម្មតាមព្រំដែនឱ្យកាន់តែប្រសើរឡើងនៅថ្ងៃអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ The Laotian Times | រូបភាព៖ The Laotian Times/ Acleda Bank Website/ Lao National Payment Network via The Laotian Times.