ព័ត៌មានជាតិ

មន្ត្រីជំនាញបរិស្ថាន បន្តចុះពិនិត្យបន្ថែមលើទីតាំងរោងចក្រ និងក្រុមហ៊ុននានាតាមបណ្តោយដងស្ទឹងព្រែកត្នោត បន្ទាប់ពីមានសេចក្តីរាយការណ៍ ករណីមានត្រីងាប់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ

image

ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ក្រាំងពង្រ និងអាជ្ញាធរភូមិទឹកថ្លា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យតាមដាន រកប្រភពបំពុល ដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោតនាពេលកន្លងមក ស្តិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្នែកខ្សែទឹកខាងលើនៃចំណុចដែលមានសេចក្តីរាយការណ៍ករណីមានត្រីងាប់)។ 

ក្រុមការងារបានធ្វើការពិនិត្យស្ថានភាព នៅតាមដងស្ទឹងព្រែកត្នោត ដែលពាក់ព័ន្ធនឹងការបញ្ចេញសំណល់រាវ ពីតាមរោងចក្រ ចូលស្ទឹងព្រែកត្នោត ចំនួន ៣ ក្រុមហ៊ុន គឺ៖ ១-ក្រុមហ៊ុន GLOBAL XILIN ជាប្រភេទរោងចក្រខាលអំបោះ និងជ្រលក់ពណ៌។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចូលស្ទឹង តាមរយៈលូបង្កប់។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.90។

២- ក្រុមហ៊ន HI BLUE ជាប្រភេទរោងចក្របោកគក់ខោខៅប៊យ។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យរួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈលូបង្កប់ដែរ។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.56។

៣- ក្រុមហ៊ន TAK SUN ជាក្រុមហ៊ុន ទទួលសេវាសម្អាតសំណល់រាវ ចេញពីរោងចក្រកែច្នែរោមសត្វ របស់ក្រុមហ៊ុន Sunjoy និងក្រុមហ៊ុន Cipel។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចេញតាមរយៈលូសាធារណៈ និងចុងក្រោយ បានហូរចូលស្ទឹងតាមរយៈប្រឡាយទឹកលូ។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.26។

ជារួមក្រុមការងារបានពិនិត្យឃើញថា កម្រិតប៉ារ៉ាម៉ែត្រ pH រកឃើញស្ថិតនៅក្នុងចន្លោះដែលអាចទទួលយកបានពី 6.5–8.5 ដែលបង្ហាញពីលក្ខខណ្ឌសមស្របសម្រាប់ជីវិតក្នុងទឹក និងការប្រើប្រាស់ទឹកទូទៅ។ ការបញ្ចេញសំណល់រាវ ពីរោងចក្រទាំង ៣ខាងលើ ពុំមានចំណុចគួរឲ្យសង្ស័យ ដែលបានបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ នោះឡើយ។

ក្រៅពីការចុះត្រួតពិនិត្យក្នុងរោងចក្រខាងលើ ក្រុមការងារបាន ធ្វើការចុះពិនិត្យស្ថានភាពតាមដងស្ទឹងព្រែកត្នោត និងបានយកសំណាកទឹកពាក់ព័ន្ធនឹងការបំពុលមកវិភាគ និងបានធ្វើតេស្តគុណភាពទឹកបឋមឃើញមានដូចខាងក្រោម៖ 

- សំណាកទឹកស្ទឹង នៅនៅចំណុចស្ពានទឹកថ្លា (ផ្លូវជាតិលេខ៣) ឃើញកម្រិតអុកស៊ីសែនរលាយក្នុងទឹក DO=4.5mg/l (អនុលោមស្តង់ដា >3 mg/L) កម្រិតpH=7.25 កម្រិតសីតុណ្ហភាពT=30.54 អង្សារសេ (ម៉ោង 10.09)។

- សំណាកទឹកលូ នៅចំណុចផ្សារទឹកថ្លា (ទឹកប្រឡាយបង្ហូរសំណល់រាវពីរោងចក្រ Tak Sun លាយជាមួយទឹកលូចេញពីតាមលំនៅឋាន) បង្ហូរចូលស្ទឹងព្រែកត្នោត ហើយពិនិត្យឃើញកម្រិត DO=1.80mg/l pH=7.12 T=31.41 អង្សារសេ (ម៉ោង 10.37)។

- សំណាកទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន Tak Sun នៅចំណុចក្នុងអណ្តូងលូ ស្ថិតនៅព្រំប្រទល់រវាងភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយឃើញកម្រិត DO=1.92mg/l (អនុលោមស្តង់ដា >3 mg/L) pH=7.78 T=31.68 អង្សារសេ (ម៉ោង 11.10)។

- ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ពុំឃើញមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានលក្ខណៈធម្មតា។ ក្រុមការងារ បានធ្វើតេស្តគុណភាពទឹកស្ទឹង នៅចំណុចក្រោយរោងចក្រ Marvel ឃើញកម្រិត DO=4.83mg/l (អនុលោមស្តង់ដា >3 mg/L) និង pH=7.99។ ប៉ុន្តែ សីតុណ្ហភាពទឹកនៅចំណុចនេះ មានកម្រិត 34.71 អង្សារសេ (នៅម៉ោង13.48 pm)។

យោងតាមការធ្វើតេស្តបឋម មន្រ្តីជំនាញបានធ្វើការវាយតម្លៃដំបូងនាពេលបច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅផ្នែកខ្សែទឹកខាងលើ (Upstream) នៃតំបន់ដែលសង្ស័យមានត្រីងាប់កាលពីពេលថ្មីៗកន្លងមកនេះ (ពីចំណុចស្ពានទឹកថ្លានៃផ្លូវជាតិកេខ៣ ដល់តំបន់សេដ្ឋកិច្ចភ្នំពេញ) មានលក្ខណៈធម្មតា ពុំឃើញមានបញ្ហាគួរឲ្យសង្ស័យឡើយ។ 

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តដាក់បទបញ្ជាដល់ក្រុមការងារ បន្តចុះត្រួតពិនិត្យតាមដាន និងស្វែងរកប្រភព ដែលអាចបង្កឱ្យមានករណីបណ្តាលឱ្យមានត្រីងាប់ ក្នុងស្ទឹងព្រែកត្នោតកាលពីពេលថ្មីៗ កន្លងមកនេះ ជាបន្តទៀត នាវេលាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។ ក្រុមការងារនឹងចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលទឹកសាធារណៈនៅតំបន់ទំនប់ ៧ មករា (តំបន់កំពង់ទួល) ស្ថិតក្នុងសង្កាត់គងនយ និងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជាបន្តទៀត៕