ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយ ជាបញ្ហាប្រឈមផ្នែកសន្តិសុខព័ត៌មាន ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសង្គម និងសេដ្ឋកិច្ចជាតិទាំងមូល

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនមែនគ្រាន់តែជាព័ត៌មានមិនត្រឹមត្រូវទេ ក៏ប៉ុន្តែជាបញ្ហាប្រឈមផ្នែកសន្តិសុខព័ត៌មាន ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសង្គម ប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់ជាតិទាំងមូល។ ការលើកឡើងដូចនេះក្នុងពិធីផ្សព្វផ្សាយ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជាប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ» នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។​

លោក នេត្រ ភក្ក្រា បានលើកឡើងថា ព័ត៌មានក្លែងក្លាយអាចបំផ្លាញទំនុកចិត្ត បំផ្លាញសេដ្ឋកិច្ច និងមុខមាត់ប្រទេសមួយបានដោយមិនចាំបាច់បាញ់គ្រាប់កាំភ្លើងនោះទេ។ ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន មិនមែនគ្រាន់តែជាយុទ្ធនាការផ្នែកព័ត៌មានតែប៉ុណ្ណោះទេ ក៏ប៉ុន្តែជាផ្នែកមួយនៃការការពារអធិបតេយ្យភាពព័ត៌មាន ការពារសន្តិសុខជាតិ និងការការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជា។ ម្យ៉ាងវិញទៀត ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយមិនមែនជាការងាររបស់ក្រសួងព័ត៌មានតែមួយនោះទេ ក៏ប៉ុន្តែត្រូវការចូលរួមពីស្ថាប័នរដ្ឋផ្សេងទៀត សារព័ត៌មាន វិស័យឯកជន អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ នេះគឺជាការងារជាតិដែលត្រូវចូលរួមជាលក្ខណៈចលនាជាតិតែម្តង។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ព័ត៌មានគឺជាអំណាចទន់របស់ជាតិ ដោយសព្វថ្ងៃនេះ ប្រទេសមួយអាចកសាងឥទ្ធិពលរបស់ខ្លួន មិនត្រឹមតែតាមរយៈអំណាចរឹងនោះទេ ប៉ុន្តែតាមរយៈអំណាចទន់ដែលរួមមានវប្បធម៌ ទេសចរណ៍ ភាពជឿជាក់ និងរូបភាពវិជ្ជមាននៅលើឆាកអន្តរជាតិ។​លោកបានលើកឡើងយ៉ាងដូច្នេះថា​៖ «ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគឺទី១. មុននឹងចែករំលែកគឺត្រូវគិតជាមុន ទី២. ផ្ទៀងផ្ទាត់មុននឹងជឿព័ត៌មាននោះ ទី៣. ផ្សព្វផ្សាយការពិតមិនផ្សព្វផ្សាយការសន្មត់ទុកជាមុន ទី៤. ត្រូវមានទំនួលខុសត្រូវមុននឹងចែករំលែក និងទី៥. ត្រូវចូលរួមផ្សព្វផ្សាយការពិតអំពីកម្ពុជា»។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ ហើយក៏ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ។ អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គ៕