ចាប់ខ្លួនជនបរទេសជិត ៥០នាក់ នៅខណ្ឌសែនសុខ ករណីឆបោកអនឡាញ
ភ្នំពេញ៖ ជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ សរុបចំនួន៤៩នាក់ (ស្រ្តី៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់ Monitor ៣៨គ្រឿង, ម៉ាស៊ីន CPU ១៧គ្រឿង, Laptop ០៧គ្រឿង, ទូរស័ព្ទដៃចំនួន ១៨៥គ្រឿង, Tablet ០២គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំផងដែរ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ផ្អែកតាមលទ្ធផលកោសល្យវិច័យបឋម សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសល្បែងស៊ីសងកាស៊ីណូអនឡាញខុសច្បាប់ ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ។
បច្ចុប្បន្ន មនុស្សមនុស្សស្រីទាំង ៤៩នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕