ព័ត៌មានជាតិ

វិថីអាហារខេត្តកំពត គ្រោងសម្ពោធបើកជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ខណៈក្រុមអាជីវករលក់ដូរក្នុងវិថីអាហារនេះ កំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរ ដែលនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង

image

កំពត៖ ក្រុមអាជីវករដែលលក់ដូរក្នុងវិថីអាហារខេត្តកំពត បានសំដែងភាពសប្បាយរីករាយក្នុងការទទួលយក និងរំពឹងថា ការលក់ដូរដាច់ជាងមុន ព្រោះទីតាំងនេះមានភាពស្រស់ស្អាត មានអនាម័យ ពិសេសនៅចំកណ្តាលក្រុងកំពត បេះដូងនៃក្រុងកំពត ហើយក៏ជាកន្លែងដែលបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរ អមដោយម្ហូបអាហារប្រមាណជាង ១០០ប្រភេទ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងកំពត រួមនឹងអាជីវករដែលត្រូវលក់ដូរក្នុងវិថីអាហារ ដើម្បីធ្វើការចាប់ឆ្នោតយកតូបសម្រាប់លក់ដូរ ដែលការចាប់ឆ្នោតនេះបានធ្វើឡើងនៅសាលាខេត្តកំពត។ លោកបានលើកឡើងថា ការរៀបចំវិថីអាហារដែលរំលេចដោយរចនាបទខ្មែរចំកណ្តាលក្រុងកំពតនាពេលនេះ នឹងធ្វើឱ្យកំណើនភ្ញៀវទេសចរកាន់តែកើនឡើង អាចជួយលើកកម្ពស់ជីវភាពអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានភាពល្អប្រសើរ។

ក្រុមអាជីវករដែលត្រូវលក់ដូរក្នុងវិថីអាហារខេត្តកំពត បានសំដែរការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំវិថីអាហារថ្មីនេះ ដែលមានភាពរឹងមាំ ស្អាត មានអនាម័យ ប្រកបដោយសោភណ្ឌភាពទាក់ទាញ ពីសេសការរៀបចំឱ្យអាជីវករទាំងអស់ស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរដើម្បីបង្ហាញភ្ញៀវទេសចរជាតិ អន្តរជាតិ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា វិថីអាហារត្រូវបានរៀបចំឡើងដោយមានភាពរឹងមាំ ហើយទីតាំងអគារនេះក៏មានរចនាបទខ្មែររួមបញ្ចូលនឹងអគារបេតិកភណ្ឌដែលនៅជុំវិញអាគារនេះ ដែលជាដួងព្រលឹងរបស់ក្រុងកំពត។ វិថីអាហារនេះនឹងប្រមូលផ្តុំទៅដោយម្ហូបអាហារដែលជាស្នាដៃរបស់អ្នកខេត្តកំពត ដែលមានរហូតដល់ជាង ១៧០ប្រភេទ និងមានតូបសរុប ៥២តូប។

សូមបញ្ចាក់ថា វិថីអាហារនេះនឹងសម្ពោធបើកជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់។ បើតាមការបញ្ជាក់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត អាជីវករទាំងអស់ដែលលក់ដូរក្នុងវិថីអាហារនេះ តម្រូវឱ្យមានការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរជាប់ជានិច្ច ការលក់ដូរត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ហាមប្រើប្រាស់ថង់ផ្លាស្ទិក ដោយរាល់ការវេចខ្ចប់ម្ហូបអាហារត្រូវវេចខ្ចប់ដោយស្លឹកចេក ឬស្លឹកឈូក ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងជួយឱ្យបរិស្ថានស្អាត។ តាមការរំពឹងទុក វិថីអាហារនេះនឹងអាចទាក់ទាញភ្ញៀវទេសចរមកពិសារអាហារឆ្ងាញ់ៗប្រចាំតំបន់របស់ខេត្តកំពត និងធ្វើឱ្យកំណើនភ្ញៀវមានការកើនឡើងផងដែរ៕


អត្ថបទ៖ វង្ស សុធារម្យ