ព័ត៌មានអន្តរជាតិ

មនុស្ស ១០ នាក់រងរបួស រួមមានទាំងស្ត្រី និងកុមារ ក្រោយការវាយប្រហារតាមអាកាសលើស្ថានីយទូរទស្សន៍ Al Araby ក្នុងទីក្រុងតេហ៍រ៉ង់

image

អ៊ីរ៉ង់៖ មនុស្សយ៉ាងហោចណាស់ ១០នាក់ រួមមានទាំងស្ត្រី និងកុមារ បានទទួលរងរបួសកាលពីថ្ងៃអាទិត្យ នៅពេលដែលការវាយប្រហារមួយបានកើតឡើងចំការិយាល័យស្ថានីយទូរទស្សន៍ អាល់អារ៉ាប៊ី (Al Araby) របស់កាតា ដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ ។

លោក ហាហ្សេម កាឡាស (Hazem Kallas) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ស្ថានីយទូរទស្សន៍ខាងលើនេះ បានលើកឡើងថា «ការវាយប្រហារលើអ្នកសារព័ត៌មាន គឺជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង ហើយទោះបីជាស្ថិតក្នុងជម្លោះប្រដាប់អាវុធក៏ដោយ ក៏អ្នកសារព័ត៌មានត្រូវតែទទួលបានការគោរព។ ប៉ុន្តែជាអកុសល ដូចដែលយើងបានឃើញនៅតំបន់ហ្គាហ្សា ឬក៏ប្រទេសលីបង់ រួមទាំងបញ្ហានៅជុំវិញពិភពលោក ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាមិនត្រូវបានគេការពារទាល់តែសោះ» ។

លោកបានរៀបរាប់ទៀតថា «យើងកំពុងរាយការណ៍ផ្ទាល់នៅម៉ោង ៨:៤៥ នាទីយប់ (ម៉ោងក្នុងស្រុក) ស្រាប់តែការផ្ទុះបានកើតឡើង។ ប្រព័ន្ធទំនាក់ទំនង និងអគ្គិសនីក៏ត្រូវកាត់ផ្តាច់ភ្លាមៗ ហើយអគាររងនូវការបំផ្លិចបំផ្លាញ ដោយធ្វើឱ្យដំបូលបានធ្លាក់មកលើពួកយើង។ សំណាងល្អដែលគ្រាប់បានធ្លាក់ចំកន្លែងទំនេរ ហើយមិត្តរួមការងាររបស់ខ្ញុំស្ថិតនៅក្នុងបន្ទប់ផ្សេងទៀត»។ ស្ថានីយទូរទស្សន៍ Al Araby បានថ្កោលទោសការវាយប្រហារនេះ និងព្រមានថា ព្រឹត្តិការណ៍បែបនេះបង្កគ្រោះថ្នាក់ដល់អ្នកកាសែត និងរំលោភបំពានលើបទដ្ឋានអន្តរជាតិ ។

ចំណែកខាងកងទ័ពអ៊ីស្រាអ៊ែល និយាយថា ខ្លួនពិតជាបានបើកការវាយប្រហារជាច្រើនលើកនៅក្នុងទីក្រុងតេហ៍រ៉ង់កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញហេតុការណ៍វាយប្រហារចំការិយាល័យទូរទស្សន៍ខាងលើនេះទេ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY