មីស៊ីលអ៊ីរ៉ង់ វាយប្រហារចំទីតាំងមជ្ឈមណ្ឌលគីមីដ៏សំខាន់ ក្បែរក្រុង Beersheba ប្រទេសអ៊ីស្រាអ៊ែល
អ៊ីស្រាអ៊ែល៖ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមជ្ឈមណ្ឌលគីមីដ៏សំខាន់របស់អ៊ីស្រាអ៊ែល បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅក្នុងទីក្រុង ប៊ើសាប៊ី (Beersheba) ភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីការលេចធ្លាយសារធាតុគីមីដ៏គ្រោះថ្នាក់ ។
តាមរយៈវីដេអូពីកងកម្លាំងពន្លត់អគ្គិភ័យ បានបង្ហាញពីទិដ្ឋភាពអណ្តាតភ្លើងកំពុងឆាបឆេះឃ្លាំងទំនិញ នៅក្នុងតំបន់ឧស្សាហកម្ម ណេអត ហូវ៉ាវ (Neot Hovav) ដោយមានផ្សែងខ្មៅយ៉ាងក្រាស់ហុយគ្របដណ្តប់លើវាលខ្សាច់នីហ្គេវ (Negev)។ ក្នុងនោះ តំបន់ឧស្សាហកម្ម ណេអត ហូវ៉ាវ (Neot Hovav) គឺជាចំណុចយុទ្ធសាស្ត្រដែលផលិតសារធាតុគីមីប្រហែលពាក់កណ្តាលនៃផលិតកម្មសរុបរបស់អ៊ីស្រាអ៊ែល។ ក្រុមជំនាញខាងសារធាតុគ្រោះថ្នាក់ចំនួន ៣ក្រុម ត្រូវបានដាក់ពង្រាយកម្លាំងជាមួយទីភ្នាក់ងារពន្លត់អគ្គិភ័យ ដើម្បីពិនិត្យគុណភាពខ្យល់ និងទប់ស្កាត់រាល់ហានិភ័យនៃសារធាតុគីមី ។
អាជ្ញាធរបានជម្លៀសបុគ្គលិកកម្មករចេញពីតំបន់កើតហេតុដើម្បីការពារសុវត្ថិភាព។ ម៉ាស៊ីនតាមដានក៏ត្រូវបានដំឡើងដើម្បីស្វែងរកឧស្ម័នពុល ខណៈសហគមន៍នៅក្បែរនោះ ត្រូវអាជ្ញាធរដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ។
អាជ្ញាធរ បានណែនាំប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ និងបិទបង្អួចឱ្យជិត។ នៅក្នុងហេតុការណ៍នេះ មានមនុស្សម្នាក់រងរបួសស្រាល តែត្រូវគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ។ មុនពេលមានការផ្ទុះ សំឡេងស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងពាសពេញភាគខាងត្បូងអ៊ីស្រាអ៊ែល រួមទាំងតំបន់ក្បែរមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរឌីម៉ូណា (Dimona) ថែមទៀតផង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY