ប្រធានាធិបតីស្ដីទីមីយ៉ាន់ម៉ា ផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្រុមសង្គ្រោះអន្តរជាតិ អំឡុងខួប ១ឆ្នាំនៃគ្រោះរញ្ជួយដីដ៏សាហាវ
មីយ៉ាន់ម៉ា៖ លោក មីន អ៊ុងឡាំង ប្រធានាធិបតីស្ដីទីនៃប្រទេសមីយ៉ាន់ម៉ា បានរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធដ៏ធំមួយនៅរដ្ឋធានីណៃពិដោ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏សាហាវកាលពីឆ្នាំមុន។ នៅក្នុងព្រឹត្តិការណ៍នេះ លោកបានផ្ដល់រង្វាន់កិត្តិយសដល់មន្ត្រីស៊ីវិល និងយោធាមកពីបណ្ដាប្រទេសអន្តរជាតិជាច្រើន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ភ្លាមៗក្រោយកើតហេតុ ។
មេដឹកនាំមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមលក្ខណៈ និងការបញ្ចូលយន្តការគ្រប់គ្រងគ្រោះមហន្តរាយទៅក្នុងគ្រប់វិស័យនៃរដ្ឋបាលជាតិ ដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគត។ ទន្ទឹមនឹងនេះ លោកបានបង្ហាញពីសុទិដ្ឋិនិយមថា រដ្ឋាភិបាលនឹងបន្តជំរុញការងារស្ដារហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រជាជនដែលរងផលប៉ះពាល់ឱ្យត្រឡប់មកមានសភាពល្អប្រសើរវិញឱ្យបានលឿនបំផុត ។
កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្លាំង ៧,៧ រិចទ័រ ដែលមានចំណុចកណ្ដាលនៅទីក្រុងមណ្ឌលឡេ (Mandalay) បានបញ្ជូនរំញ័រដល់ប្រទេសជិតខាងដូចជាចិន និងថៃជាដើម។ សោកនាដកម្មនេះ បានបណ្តាលឱ្យមនុស្សជាង ៣,០០០ នាក់បាត់បង់ជីវិត និងជាង ៥,០០០ នាក់ទៀតរងរបួស ដែលវាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់មីយ៉ាន់ម៉ា ។
ប្រតិបត្តិការសង្គ្រោះកាលពីពេលនោះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួត ដោយមានការចូលរួមពីប្រទេសមហាអំណាច និងប្រទេសក្នុងតំបន់ជាច្រើនដូចជា ចិន ឥណ្ឌា រុស្ស៊ី ជប៉ុន និងចក្រភពអង់គ្លេសជាដើម។ ការផ្ដល់រង្វាន់កិត្តិយសនាពេលនេះ គឺជាការតបស្នងចំពោះទឹកចិត្តមនុស្សធម៌ និងការជួយជ្រោមជ្រែងរបស់ពិភពលោកមកលើប្រទេសមីយ៉ាន់ម៉ា ក្នុងគ្រាដែលប្រទេសនេះកំពុងជួបទុក្ខលំបាកជាទីបំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY