ព័ត៌មានជាតិ

មន្ត្រីចរាចរណ៍ម្នាក់ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដោយសារប្រព្រឹត្តល្មើសវិន័យជាបន្តបន្ទាប់ មិនព្រមកែប្រែខ្លួន

image

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចបណ្តេញឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយសារប្រព្រឹត្តល្មើសវិន័យជាបន្តបន្ទាប់ និងមិនព្រមកែប្រែខ្លួន ទោះបីត្រូវបានអង្គភាពផ្តល់ឱកាសជាច្រើនលើកក៏ដោយ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ពាក់ព័ន្ធករណីនេះ យោងតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា សកម្មភាពល្មើសវិន័យរបស់អតីតមន្ត្រីរូបនេះ បានប្រព្រឹត្តល្មើសវិន័យជាបន្តបន្ទាប់ រួមមាន៖

- ឆ្នាំ២០២១៖ ប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាស័ក្ដិ បង្ហោះវីដេអូចម្រៀងលើបណ្ដាញសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់កិត្តិយសនគរបាលជាតិ ហើយត្រូវបានទណ្ឌកម្មបន្ថយឋានន្តរស័ក្ដិ ១ថ្នាក់។

- ខែកុម្ភៈ ឆ្នាំ២០២៤៖ យកជនស៊ីវិលចូលអនុវត្តការងារ រៀបចំការផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយ និងបង្កើតផេកក្លែងក្លាយផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឲ្យសាធារណៈមតិរិះគន់ស្ថាប័ន។

- ថ្ងៃទី២៨ ធ្នូ ២០២៤៖ ប្រើសិទ្ធិអំណាចគំរាមទារប្រាក់ពីម្ចាស់រថយន្ត និងបញ្ជាឲ្យនាំរថយន្តចេញពីគោលដៅ ដើម្បីបិទបាំងសកម្មភាព ដែលបង្កការភ្ញាក់ផ្អើលលើបណ្ដាញសង្គម។ ករណីនេះត្រូវបានព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយឋានន្តរស័ក្ដិបន្ថែម។

- ថ្ងៃទី០៣ កញ្ញា ២០២៥៖ បែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពទៅសារព័ត៌មាន ដើម្បីវាយប្រហារលើអង្គភាព បន្ទាប់ពីមានការមិនពេញចិត្តផ្ទាល់ខ្លួន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការសម្រេចបណ្តេញចេញនេះ គឺធ្វើឡើងស្របតាមវិន័យនគរបាលជាតិ ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងការជឿទុកចិត្តរបស់សាធារណជនចំពោះកងកម្លាំងនគរបាលជាតិ៕