១ឆ្នាំក្រោយសោកនាដកម្មបាក់រលំអគារសវនកម្មរដ្ឋនៅថៃ ក្រុមគ្រួសារជនរងគ្រោះ ៩៣នាក់ នៅតែទទូចសុំយុត្តិធម៌ និងអ្នកទទួលខុសត្រូវ
បាងកក, ថៃឡង់ដ៍៖ កាលពីថ្ងៃសៅរ៍ ទី ២៨ ខែមីនា គឺជាខួបគម្រប់ ១ឆ្នាំនៃហេតុការណ៍បាក់រលំអគារសវនកម្មរដ្ឋ (SAO) ស្ថិតនៅក្នុងខណ្ឌចាតុចាក់ (Chatuchak) ទីក្រុងបាងកក ប្រទេសថៃ ដោយសារតែគ្រោះរញ្ជួយដីដែលសាយភាយពីប្រទេសមីយ៉ាន់ម៉ា។ ហេតុការណ៍នាពេលនោះ បានសម្លាប់មនុស្ស ៩៣នាក់ បាត់ខ្លួន ៣នាក់ និងរបួស ៨នាក់ ។
សាច់ញាតិជនរងគ្រោះបានជួបជុំគ្នានៅទីតាំងកើតហេតុកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត។ នៅចំពោះមុខគំនរបាក់បែកនៃអគារនេះ អ្នកចូលរួមជាច្រើនបានស្រក់ទឹកភ្នែកដោយក្ដីអាឡោះអាល័យ និងពោលថាពួកគេនៅតែមិនទាន់អាចធ្វើចិត្តបានឡើយជុំវិញសោកនាដកម្មដ៏ធំធេងនេះ ។
ទោះបីជាពេលវេលាកន្លងផុតទៅអស់មួយឆ្នាំក៏ដោយ ក៏ក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថា ពួកគេនៅតែរង់ចាំការពន្យល់ឱ្យបានច្បាស់លាស់ថា តើអ្វីជាមូលហេតុពិតប្រាកដនៃការបាក់រលំអគារ ហើយអ្នកណាខ្លះត្រូវទទួលខុសត្រូវ។ សាច់ញាតិជនរងគ្រោះ នាំគ្នាអំពាវនាវឱ្យអាជ្ញាធរផ្ដល់ចម្លើយឱ្យបានយុត្តិធម៌ដល់ពួកគេ។ បើទោះបីជាខាងក្រុមហ៊ុនម៉ៅការសំណង់បានផ្ដល់ប្រាក់សំណងចំនួន ៥០ម៉ឺនបាត (ប្រហែល ១៣,៧០០ ដុល្លារ) ក្នុងមួយគ្រួសារក៏ដោយ ប៉ុន្តែសាច់ញាតិជនរងគ្រោះ និយាយថា ទឹកប្រាក់ប៉ុន្មានក៏ដោយ ក៏មិនអាចយកមកជំនួសជីវិតមនុស្សជាទីស្រឡាញ់របស់ពួកគេបាននោះទេ ។
ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ដែរថា ទុក្ខសោករបស់ពួកគេនៅមិនទាន់បានធូរស្រាលឡើយ ដោយសមាជិកគ្រួសារជាច្រើននៅតែបន្តមកទីតាំងនេះ ដើម្បីស្វែងរកសេចក្ដីសុខក្នុងចិត្ត ខណៈដែលពួកគេនៅតែបន្តទាមទារឱ្យមានអ្នកទទួលខុសត្រូវចំពោះមហន្តរាយដែលបានកើតឡើងកាលពីមួយឆ្នាំមុន ។
បច្ចុប្បន្ន ទីតាំងសំណង់នេះត្រូវគេបោះបង់ចោល ក្នុងនោះកម្ទេចថ្មភាគច្រើនត្រូវបានគេបោសសម្អាតអស់ហើយ ប៉ុន្តែនៅសល់ផ្នែកខ្លះនៃគ្រោងអគារ និងដែកសសរដែលនៅចំហរ ខណៈអាជ្ញាធរកំពុងស្ថិតនៅក្នុងដំណើរការប្រគល់ដីជួលនេះទៅឱ្យក្រុមហ៊ុនផ្លូវដែកជាតិថៃវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer