បេក្ខជនជាង៤០០នាក់ មកពីខេត្តជាប់តំបន់ឆ្នេរទាំងបួន បានប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៦ នៅខេត្តកំពត
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមណ្ឌលប្រឡង វិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង ក្រុងកំពត ខេត្តកំពត។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅក្នុងវិស័យពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។
លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ព្រោះបច្ចុប្បន្ន ការប្រឡងនីមួយៗគឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាត សំខាន់ "អ្នកចេះ គឺជាប់"។ លោកអភិបាលខេត្តបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្រោមការដឹករបស់សម្តេចអិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការរៀបចំប្រឡងទាំងអស់ ត្រូវអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹង ដោយគោរពគោលការណ៍តម្លាភាព ស្មើភាព និងយុត្តិធម៌ ដើម្បីធានាថា លទ្ធផលប្រឡងអាចទទួលយកបានពីសាធារណជន។
សូមបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានចំនួន ៤០១នាក់ ក្នុងនោះ ខេត្តកំពត មានចំនួន ១៩៣នាក់ ស្រី ៥៥នាក់, ខេត្តកែប មានចំនួន ៩៣នាក់ ស្រី ៥៦នាក់, ខេត្តព្រះសីហនុ មានចំនួន ៩៥នាក់ ស្រី ៥៨នាក់ និងខេត្តកោះកុង មានចំនួន ២០នាក់ ស្រី ១០នាក់។ សម្រាប់មណ្ឌលប្រឡង ស្ថិតក្នុងវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង បន្ទប់ប្រឡង មានចំនួន ១៧ បន្ទប់ ក្នុងនោះ៖ ខេត្តកំពត មានចំនួន ០៨បន្ទប់, ខេត្តកែប មានចំនួន ០៤បន្ទប់, ខេត្តព្រះសីហនុ មានចំនួន ០៤បន្ទប់ និងខេត្តកោះកុង មានចំនួន ០១ បន្ទប់។
ការប្រឡងប្រជែងនេះ ត្រូវបានរំពឹងថា នឹងជួយជ្រើសរើសបានមន្ត្រីដែលមានគុណភាព សមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីចូលរួមពង្រឹងប្រព័ន្ធពន្ធនាគារ និងការអនុវត្តច្បាប់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តបានពីសាធារណជន៕
អត្ថបទ៖ វង្ស សុធារម្យ