ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យសកម្មភាពការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពង្រឹងប្រសិទ្ធភាពការពារ និងឆ្លើយតប ចំពោះហានិភ័យសុខភាពសាធារណៈ

image

តាខ្មៅ៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការពារ និងឆ្លើយតបចំពោះហានិភ័យសុខភាពសាធារណៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យសកម្មភាពគ្រប់គ្រង និងបង្ការការឆ្លងរោគ នៅច្រកអ្នកដំណើរពីបរទេស ចូលមកក្នុងកម្ពុជាតាមផ្លូវអាកាសអន្តរជាតិ ដោយមិនជូនដំណឹងមុន។

ការចុះពិនិត្យដោយឥតព្រៀងទុកនេះ អនុញ្ញាតឱ្យបានឃើញជាក់ស្តែងលើប្រព័ន្ធតាមដាន សមត្ថភាពឆ្លើយតប និងការអនុវត្តវិធានការសុខាភិបាលរបស់ក្រុមការងារ នៅច្រកចូល នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការរក្សាការប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

«ការការពារជំងឺឆ្លងមួយផ្នែក ចាប់ផ្តើមពីច្រកចូលប្រទេស » ភាពខ្ជាប់ខ្ជួន និងវិន័យ ព្រមទាំងភាពបុរេសកម្ម ប្រកបដោយការទទួលខុសត្រូវ គឺជាគន្លឹះសម្រាប់ប្រព័ន្ធការពារជំងឺឆ្លងបានរឹងមាំ៕

អត្ថបទ៖ សន ពិសិដ្ឋ