ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» និងប្រមូលបានថវិកាជាង១ម៉ឺនដុល្លារ បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

image

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ដែលរួមមានការតាំងពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមដងទន្លេមេគង្គនៃទីក្រុងនរា រាជធានីភ្នំពេញ។ 

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងនៃស្ថានទូតប្រទេសមេគង្គ-ឡានឆាង តំណាងក្រសួង-ស្ថាប័ន និងសាធារណជន សរុបប្រមាណ ៦០០នាក់។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទន្លេមេគង្គ ជានិមិត្តរូបដ៏រស់រវើក នៃមិត្តភាព កិច្ចសហប្រតិបត្តិការ ភាពធន់ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតាមបណ្តោយអាងទន្លេមេគង្គ ដែលមានទំនួលខុសត្រូវរួមគ្នាដើម្បីការពារ គ្រប់គ្រង និងថែរក្សាធនធានដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ 

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំពុងឆ្ពោះទៅរកទស្សវត្សរ៍មាសថ្មីមួយទៀត ក្រោមមូលបទ «ការកសាងសហគមន៍មេគង្គ-ឡានឆាងរួមគ្នាជំនាន់ ២.០» ដែលផ្តោតលើការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងបន្ថែមលើការគ្រប់គ្រងធនធានទឹកប្រកបដោយ ចីរភាព ពង្រីកការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍបៃតង និងបរិវត្តកម្មឌីជីថល ក៏ដូចជាការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង។

កម្មវិធីនេះក៏បានទទួលថវិកាសប្បុរសធម៌សរុបចំនួន ១១.៥៥៥ ដុល្លារអាម៉េរិក សម្រាប់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ការថែទាំសុខភាពកុមារ ផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម