អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ
ក្រចេះ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តក្រចេះ និងដៃគូឯកជន បានរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឡោ សុវិជ្ជា បានប្រាប់ឲ្យដឹងថា ឆ្លៀតឱកាសដែលមហាជនមកពីគ្រប់ទិសទី បានមកចូលរួមទស្សនាព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃ NoDrug ដើម្បីផ្សព្វផ្សាយបន្តទៅដល់មនុស្សជាទីស្រឡាញ់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់មហាជនទាំងអស់ ពេលទៅទស្សនាព្រឹត្តិការណ៍បុណ្យទន្លេនេះ សូមកុំភ្លេចចូលទស្សនាស្តង់ពិព័រណ៍ដើម្បីសិក្សាស្វែងយល់រាល់បញ្ហាគ្រឿងញៀនក៏ដូចជាការប្រើប្រាស់ App NoDrug ព្រមទាំងទទួលបាននូវវត្ថុអនុស្សាវរីយ៍ផ្សេងៗមានដូចជា ឆ័ត្រ មួក ផ្លិត ប្រតិទិនព្យួរជញ្ជាំង-លើតុ កាបូបយួរ និងទឹកបរិសុទ្ធ រយៈពេល ៣ថ្ងៃពេញ៕