ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីចុះហត្ថលេខា ប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានទឹកប្រាក់ស្មើនឹងប្រមាណ ៧លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះការបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាព ដែលនឹងធានានូវមុខងារប្រើប្រាស់ពេញលេញ និងរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពការងាររបស់ទីស្ដីការ គណៈរដ្ឋមន្ត្រី ព្រមទាំងជាគម្រោងនិមិត្តរូបមួយ ក្នុងចំណោមគម្រោងជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានផ្ដល់ការគាំទ្រដល់កម្ពុជា។

លោក ក៏បានបញ្ជាក់ពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ដែលជាមិត្តទុកចិត្តគ្នា ទោះក្នុងស្ថានការណ៍ប្រែប្រួលនៃសាកលលោក ហើយនឹងអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងគាំទ្រដល់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះគម្រោងនេះ មិនត្រឹមតែបានធ្វើឱ្យអគារប្រវត្តិសាស្ត្រជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពកម្ពុជា-ចិនដ៏ស្កឹមស្កៃ អាចរក្សាបាននូវស្តង់ដាសុវត្ថិភាព សោភណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញប៉ុណ្ណោះទេ តែក៏ជាតម្រូវការចាំបាច់របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងជួយបង្កើនផលិតភាពការងារដល់ដឹកនាំ មន្ត្រី និងបុគ្គលិកផ្សេងទៀតដែលបំពេញការងារក្នុងអគារមិត្តភាពផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរអំពីតួនាទីដ៏សំខាន់របស់មិត្តចិន ក្នុងការគាំទ្រសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា រួមទាំងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីបន្ថយកម្ដៅនៃជម្លោះនិងទទួលបានបទឈប់បាញ់ ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ដែលរងផលប៉ះពាល់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជាមកដល់ពេលនេះ គឺមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការរបស់មិត្តចិនបានឡើយ ហើយនៅតែបន្តរីកស្គុសស្គាយនិងរឹងមាំ ព្រមទាំងនឹងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរ លើគ្រប់វិស័យនៅពេលអនាគតបន្ថែមទៀត ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្នុងន័យនេះ លោក មានជំនឿយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកនៅក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរួមទាំងការជួយធ្វើទំនើបកម្ម និងអភិវឌ្ឍន៍សមត្ថភាពកម្ពុជា ជាពិសេសនៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកខ្ញែក និងអានុភាពនៃយន្តការនិងច្បាប់អន្តរជាតិចុះខ្សោយ។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយទ្រទ្រង់ដល់ការស្តារ និងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ៕