ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ចិន រុស្ស៊ី ឥណ្ឌា និងប្រទេសជាមិត្តផ្សេងទៀតអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានជាធម្មតា

image

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) បានបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពនៅច្រកសមុទ្រហ័រមូស (Hormuz) ដោយចាត់ទុកតំបន់នេះថាជាតំបន់សង្រ្គាម។ លោកបានប្រកាសថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យនាវារបស់សត្រូវ ជាពិសេសសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះឡើយ ប៉ុន្តែទីនេះនៅតែបន្តបើកចំហសម្រាប់ប្រទេសជាមិត្ត ដូចជា ចិន រុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ បង់ក្លាដេស្ហ និងប៉ាគីស្ថាន ជាដើម ព្រោះពួកគេបានសម្របសម្រួលជាមួយអ៊ីរ៉ង់រួចរាល់ហើយ ។

ទាក់ទិននឹងសន្តិសុខក្នុងតំបន់ អ៊ីរ៉ង់បានផ្ញើសារព្រមានដល់ប្រទេសនានា កុំឱ្យបញ្ជូនកងទ័ពចូលមកតំបន់ច្រកសមុទ្រនេះឱ្យសោះ ព្រោះវានឹងធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងពិបាកដោះស្រាយ។ លោក អ៉ារ៉ាជី (Araghchi) សង្កត់ធ្ងន់ថា សូម្បីតែកងនាវាអាម៉េរិកក៏មិនហ៊ានចូលក្បែរច្រកសមុទ្រនេះដែរ ខណៈអ៊ីរ៉ង់ចាត់ទុកដែនទឹកនេះ ថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងប្រទេសអូម៉ង់ ។

ចំពោះគោលជំហរសន្តិភាព លោក អារ៉ាជី (Araghchi) បន្ថែមថា «ជំហរច្បាស់លាស់របស់យើងគឺ យើងមិនស្វែងរកសង្រ្គាមនោះទេ ហើយសង្រ្គាមនេះមិនមែនជារបស់យើងដែរ យើងមិនមែនជាអ្នកចាប់ផ្តើមឡើយ ដោយយើងចង់ឱ្យវាបញ្ចប់ តែក្នុងលក្ខខណ្ឌច្បាស់លាស់។ នោះហើយជាមូលហេតុដែលយើងមិនចង់បានបទឈប់បាញ់ ព្រោះវាគ្រាន់តែជាការវិលវល់នៃបញ្ហាដដែលៗ។ យើងចង់ឱ្យសង្រ្គាមបញ្ចប់ក្រោមលក្ខខណ្ឌដែលធ្វើឱ្យសត្រូវរាងចាល លែងហ៊ានវាយប្រហារអ៊ីរ៉ង់ ហើយការខូចខាតរបស់ប្រជាជនអ៊ីរ៉ង់ត្រូវតែមានការសងត្រឡប់មកវិញ» ។

ជាចុងក្រោយ លោកបានរិះគន់មូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ថា មិនបានផ្តល់សន្តិសុខដល់ប្រទេសម្ចាស់ផ្ទះឡើយ តែបែរជាធ្វើឱ្យប្រទេសទាំងនោះប្រឈមនឹងគ្រោះថ្នាក់ទៅវិញ ព្រោះអាម៉េរិកធ្វើគ្រប់យ៉ាងគឺដើម្បីតែការពារអ៊ីស្រាអ៊ែលតែប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ channel8, telanganatoday, newsblare on Microsoft Bing