កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បើកការវាយប្រហារលើកទី៨២ ក្រោមប្រតិបត្តិការ True Promise 4
អ៊ីរ៉ង់៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលលើកទី៨២ ក្រោមប្រតិបត្តិការទ្រូប្រូមីស ៤ (True Promise 4) នៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអ៊ែល និងសហរដ្ឋអាម៉េរិក ។
តាមរយៈវីដេអូដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលមួយចំនួន ប៉ុន្តែកាលបរិច្ឆេទ និងទីតាំងពិតប្រាកដនៃវីដេអូដែលបញ្ចេញដោយក្រុម IRGC នេះ គេនៅមិនទាន់អាចបញ្ជាក់ដោយឯករាជ្យនៅឡើយទេ ។
ក្រុម IRGC បានបន្ថែមថា «ការវាយប្រហារលើកទី ៨២ នៃប្រតិបត្តិការ True Promise 4 ត្រូវបានអនុវត្តយ៉ាងជោគជ័យ ហើយប្រតិបត្តិការនេះ មានការប្រើប្រាស់ដ្រូនអត្តឃាត បាញ់កម្ទេចគោលដៅដែលបានកំណត់ទុកជាមុន និងដើម្បីជាការលើកកម្ពស់ស្មារតីប្រជាជនដ៏ក្លាហាននៅតាមបណ្តាខេត្តភាគខាងជើងនៃប្រទេសអ៊ីរ៉ង់» ។
ក្នុងពេលជាមួយគ្នា ប្រទេសអ៊ីស្រាអ៊ែលបានរាយការណ៍ថា សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅក្នុងតំបន់មួយចំនួន រួមទាំងនៅភាគខាងត្បូងនៃឈូងសមុទ្រមរណៈ (Dead Sea) ផងដែរ ។
គួររំឭកថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយទីក្រុងតេហ៍រ៉ង់ បានវាយបកវិញទៅលើអ៊ីស្រាអ៊ែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ ស្របពេលជម្លោះនេះឈានចូលដល់សប្តាហ៍ទី៤ ហើយ។ ភាគីអ៊ីរ៉ង់ រាយការណ៍ថា មានមនុស្សស្លាប់ជាង ១,៥០០ នាក់នៅក្នុងជម្លោះនេះ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ចំណែកសហរដ្ឋអាម៉េរិកបញ្ជាក់ថា មានទាហានយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និងជាង ២០០ នាក់រងរបួស រីឯខាងអ៊ីស្រាអ៊ែលទទួលស្គាល់ថាមានអ្នកស្លាប់ប្រហែល ២០ នាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.