ក្រសួងកសិកម្ម ផ្ដួចផ្ដើមបង្កើតបណ្ដាញអង្គការ និងសហគមន៍នៅតាមតំបន់ឆ្នេរ និងសមុទ្រ ដើម្បីពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ
កំពត៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី ការកសាងបណ្តាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បណ្ដាញដៃគូនៃការអនុវត្តគម្រោងនៅតាមតំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួចក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលដៅកសាងទំនាក់ទំនងល្អ នឹងឈានទៅសម្រេចបានការបង្កើតបណ្ដាញ និងពង្រឹងភាពជាដៃគូនៅតំបន់ឆ្នេរនិងសមុទ្រ ដើម្បី៖ គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ។ ការងារនេះអនុវត្តជាដៃគូ រវាងរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានជលផលជាសេនាធិការផ្ទាល់ ខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ជាមួយអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន បណ្តាញសហគមន៍ នឹងរួមគ្នាលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព។
ទន្ទឹមនឹងនោះ កញ្ញា អ៊ឹម រចនា បានថ្លែងអំណរគុណដល់ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយអង្គការ WEA, ActionAid និង NGO Forum រៀបចំសិក្ខាសាលានេះឡើង។
តាមរយៈការចូលរួមពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងសកម្មពីសិក្ខាកាម និងចែករំលែកបទពិសោធន៍ ពីអង្គការដៃគូទាំងអស់ កញ្ញា អ៊ឹម រចនា ជឿជាក់ថា ការគ្រប់គ្រងធនធានជលផលសមុទ្ររបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុន ដើម្បីធានានិរន្ដរភាពធនធានជលផលសមុទ្រកម្ពុជា ឲ្យបានគង់វង្ស ឋិតឋេរ ធំធាត់ សម្រាប់កូនចៅជំនាន់ក្រោយ៕