ជប៉ុនសម្ដែងការសោកស្តាយ ក្រោយទាហានម្នាក់របស់ខ្លួន លបចូលស្ថានទូតចិនក្នុងទីក្រុងតូក្យូដោយខុសច្បាប់
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន តាមរយៈរដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានសម្តែងការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីនាយទាហានជើងគោកវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចក្រុងតូក្យូចាប់ខ្លួនពីបទសង្ស័យថាបានលបចូលបរិវេណស្ថានទូតចិនដោយខុសច្បាប់។ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី ២៤ ខែមីនា ត្រូវគេចាត់ទុកថាជាការរំលោភបំពានសន្តិសុខដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយមន្ត្រីអ្នកកាន់ច្បាប់របស់ជប៉ុនខ្លួនឯងផ្ទាល់តែម្ដង ។
ករណីនេះបានធ្វើឱ្យទីក្រុងប៉េកាំងប្រតិកម្មយ៉ាងខ្លាំងក្លា និងបានដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការទៅកាន់ទីក្រុងតូក្យូ ដោយចាត់ទុកថាជាសកម្មភាពទម្លុះចូលយ៉ាងកម្រោល។ ជាការឆ្លើយតប ជប៉ុនបានបង្កើនកម្លាំងសមត្ថកិច្ចការពារនៅជុំវិញស្ថានទូតចិនភ្លាមៗ និងសន្យាថានឹងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីការពារកុំឱ្យមានរឿងដដែលនេះកើតឡើងសារជាថ្មីទៀត ។
ជម្លោះនេះបានកើតឡើងចំពេលដែលទំនាក់ទំនងការទូតរវាងជប៉ុន និងចិន កំពុងស្ថិតក្នុងសភាពដុនដាបស្រាប់ ដោយភាពតានតឹងបានកើនឡើងតាំងពីចុងឆ្នាំមុនមកម្លេះ ក្រោយពេលមេដឹកនាំជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បញ្ចេញមតិជុំវិញការត្រៀមលក្ខណៈខាងយោធា ប្រសិនបើមានសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំង ។
ជាលទ្ធផលនៃជម្លោះផ្ទួនៗគ្នាពេញមួយឆ្នាំកន្លងមក ជប៉ុនគ្រោងនឹងកែសម្រួលនិយមន័យនៃទំនាក់ទំនងជាមួយចិន នៅក្នុងរបាយការណ៍ការទូតរបស់ខ្លួន។ ជប៉ុននឹងលែងចាត់ទុកចិនជាដៃគូ «សំខាន់បំផុត» ដូចមុនទៀតហើយ ប៉ុន្តែនឹងហៅត្រឹមតែជា «ប្រទេសជិតខាងដ៏សំខាន់» ដែលមានផលប្រយោជន៍យុទ្ធសាស្ត្ររួមគ្នា តែមានការប្រឈមមុខដាក់គ្នាច្រើន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (Mainichi/Akihiro Hirata)/ JIJI