បេឡារុស និងកូរ៉េខាងជើង ប្តេជ្ញាបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរៀបចំពិធីជូនដំណើរប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ (Alexander Lukashenko) យ៉ាងគគ្រឹកគគ្រេងនៅឯព្រលានយន្តហោះ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ។ ពិធីនេះ បានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ ជាមួយនឹងកម្រាលព្រំក្រហម និងមានការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ ដែលបង្ហាញពីតម្លៃនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
នៅក្នុងឱកាសនោះ លោក លូកាសិនកូ (Lukashenko) បានសង្កត់ធ្ងន់ថា ទោះបីជាទស្សនកិច្ចនេះមានរយៈពេលខ្លី ប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃ «ទំព័រថ្មី» នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានទទួលស្គាល់ថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមិនទាន់មានភាពរីកចម្រើនខ្លាំងក្លានៅឡើយទេ ដូច្នេះពេលនេះហើយ គឺជាវេលាដែលត្រូវខិតខំទ្វេដងដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ ។
ក្រៅពីកិច្ចពិភាក្សាផ្លូវការ មេដឹកនាំទាំងពីរក៏បានបង្ហាញពីស្មារតីគោរពដល់ប្រវត្តិសាស្ត្ររួមគ្នា តាមរយៈការចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធទាហានកងទ័ពក្រហមសូវៀត។ សកម្មភាពនេះមិនត្រឹមតែជារឿងការទូតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារនយោបាយបង្ហាញពីការរួបរួមគ្នារវាងប្រទេសដែលមានប្រភពមិត្តភាពតាំងពីសម័យសូវៀតមកម្ល៉េះ ។
ជាលទ្ធផលនៃជំនួបកំពូលនេះ កូរ៉េខាងជើង និងបេឡារុស បានឯកភាពគ្នាលើបញ្ហាអន្តរជាតិសំខាន់ៗ និងបានកំណត់ទិសដៅសម្រាប់គម្រោងសហប្រតិបត្តិការនាពេលអនាគត ដោយប្រទេសទាំងពីរត្រៀមខ្លួនពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួម ចំពេលដែលពិភពលោកកំពុងតាមដានយ៉ាងដិតដល់នូវការរីកចម្រើននៃសម្ព័ន្ធភាពថ្មីមួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ BELTA