ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»

image


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ - Innovation for National Advancement»។


ក្នុងប្រសាសន៍បើក លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខនិងនឹករលឹកពីសម្តេច មហាបវរធិបតីនាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងអ្នកពាក់ព័ន្ធ ដែលបានសហការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» នេះឡើង ព្រោះប្រធានបទនេះ មិនមែនគ្រាន់តែជាការបង្ហាញពីទស្សនៈវិស័យនៃការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច ឱ្យឆ្ពោះទៅរកម៉ូដែលសេដ្ឋកិច្ចមួយ ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងការច្នៃប្រឌិត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងរបត់ថ្មីនៃការអភិវឌ្ឍប្រទេសជាតិ។


លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្នដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានក្លាយជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ហេតុនេះ ប្រទេសអភិវឌ្ឍន៍ ក៏ដូចជាប្រទេសកំពុងជឿនលឿនមួយចំនួន បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ និងដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍបច្ចេកវិទ្យាឈានមុខមួយចំនួន ដូចជា បញ្ញាសិប្បនិម្មិត (AI), ជីវវិទ្យាសំយោគ (Synthesis Biology), រូបធាតុឈានមុខ (Advanced Materials) និងកុំព្យូទ័រកង់ទិច (Quantum Computing) ជាដើម តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដោយបង្កើត និងពង្រីកកិច្ចសហការត្រីភាគី (Triple Helix Model) ប្រទាក់ក្រឡាគ្នា ដែលក្នុងនោះរដ្ឋាភិបាលដើរតួជានិយ័តករ ជាយុទ្ធសាស្ត្រវិទូ ជាអ្នករៀបចំច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗ និងជាអ្នកផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត, សាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវ ជាអ្នកសិក្សានិងស្វែងរករបកគំហើញបច្ចេកវិទ្យាថ្មីៗ,ចំណែកវិស័យឯកជនជាអ្នកយករបកគំហើញនោះ ទៅប្រើប្រាស់ សម្រាប់បង្កើនការផលិត និងធ្វើពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មផ្សេងៗ សម្រាប់ជាប្រយោជន៍ដល់មនុស្ស និងសង្គម។


លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងប្រទេសជឿនលឿនជាច្រើន, ការងារស្រាវជ្រាវ និងអភិវឌ្ឍនេះ មិនមែនជាតួនាទីដាច់មុខរបស់ស្ថាប័នណាមួយឡើយ គឺវិស័យឯកជនក៏អាចធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ, ស្ថាប័នរដ្ឋក៏ធ្វើ ហើយស្ថាប័នស្រាវជ្រាវក៏ធ្វើ។ វិទ្យាសាស្ត្រគឺគ្រាន់តែជាការរកឃើញអ្វីមួយ ដែលជាចំណេះដឹង ប៉ុន្តែមិនទាន់អាចប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងនៅឡើយទាល់តែយើងធ្វើឱ្យទៅជាបច្ចេកវិជ្ជាផង នវានុវត្តន៍នៃចំណេះដឹងទាំងនេះទៀត ទើបអាចយកទៅប្រើប្រាស់ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលនិងបង្កើនគុណភាពផលិតផល និងសេវា ឱ្យកាន់តែមានផលិតភាពខ្ពស់ និងមានប្រយោជន៍ដល់មនុស្ស និងសង្គម។


លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាបានជ្រាបចូលគ្រប់មជ្ឈដ្ឋាននៃសង្គមសេដ្ឋកិច្ច ដែលធ្វើឱ្យកើនឡើងនូវប្រសិទ្ធភាព ផលិតភាព និងឱកាសការងារថ្មីគ្រប់វិស័យ ព្រមទាំងធ្វើឱ្យផ្លាស់ប្ដូររបៀបរបបរស់នៅ ការធ្វើការ ឬការធ្វើពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នា។ ករណីនេះ បាននាំមកនូវកាលានុវត្តភាពផង និងហានិភ័យផង, សម្រាប់កម្ពុជាក៏ដូចជាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែរ ដោយម្ខាងបច្ចេកវិទ្យាជាយានមួយសម្រាប់ពន្លឿន(Leapfrog) ការធ្វើទំនើបកម្ម អភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមក្នុងសង្គមសេដ្ឋកិច្ច តែម្ខាងទៀតបើការចាប់យកបច្ចេកវិទ្យាមិនទាន់ពេល ឬខុសទិសដៅ ឬតម្រូវការជាក់ស្តែង ធ្វើឱ្យគម្លាតនៃការអភិវឌ្ឍរវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន កាន់តែរីកធំឡើងៗ។ ទន្ទឹមនេះ ក៏អាចកើតមានឡើងនូវហានិភ័យថ្មីៗ ដូចជា ឧក្រិដ្ឋកម្មសាយប័រ, ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam), ការបាត់បង់ការងារ និងគម្លាតឌីជីថលជាដើម។ ដូច្នេះ ការគ្រប់គ្រង និងការប្រើប្រាស់បច្ចេកវិទ្យា ត្រូវមានយុទ្ធសាស្ត្រ ក្របខ័ណ្ឌគតិយុត្ត និងការប្រតិបត្តិដែលសមស្រប និងមានចក្ខុវិស័យវែងឆ្ងាយ។
ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១.គ្រឹះស្ថានសិក្សា, ស្ថាប័នសិក្សាស្រាវជ្រាវ, អ្នកស្រាវជ្រាវឯករាជ្យ និងផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ ត្រូវតម្រង់ទិសការស្រាវជ្រាវ ឱ្យស្របទៅតាម «របៀបវារៈស្រាវជ្រាវជាតិ» ដែលមានបេសកកម្មចំនួន៨ រួមមាន៖ ១) ស្បៀងអាហារក្នុងស្រុក ២) ស្ថិរភាពលើការផ្គត់ផ្គង់ថាមពល ៣) ការអប់រំប្រកបដោយគុណភាព ៤) គ្រឿងបន្លាស់អេឡិចត្រូនិក និងមេកានិក ៥) សេវាកម្មផ្អែកលើប្រព័ន្ធក្លោដ ៦) អគ្គិសនី និងទឹកស្អាត ៧) អព្យាក្រឹតភាពកាបូន និង ៨) ប្រព័ន្ធសុខាភិបាលឌីជីថល។


ទី២. គ្រប់ក្រសួង ស្ថាប័ន ត្រូវពង្រឹងការអនុវត្ត «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០» តាមរយៈការរៀបចំនិងដាក់បញ្ចូលសកម្មភាពគាំទ្រដល់ការសម្រេចឱ្យបានសូចនាករ ដែលខ្លួនទទួលបន្ទុក


ទី៣. គ្រប់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជំរុញ និងការបង្កើតបរិស្ថានអំណោយផលដល់ការស្រាវជ្រាវ អភិវឌ្ឍ និងការចាប់យកបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតជាតម្លៃបន្ថែមថ្មីៗ សម្រាប់សង្គមជាតិ «អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ»។


ទី៤. ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធត្រូវគិតគូរឱ្យបានហ្មត់ចត់ និងប្រកបដោយយុទ្ធសាស្រ្ត លើការវិនិយោគ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពោលគឺ ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលមានភាពជាក់ស្តែងនិយម និងអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។


ទី៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ មានភាពចាំបាច់ ក្នុងការពិនិត្យឡើងវិញ ឬការធ្វើទំនើបកម្ម ក្របខ័ណ្ឌគតិយុត្ត ដើម្បីជំរុញការធ្វើពិសោធន៍ថ្មីៗ និងនវានុវត្តន៍, ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ប្រកបដោយទំនួលខុសត្រូវ និងក្រមសីលធម៌ព្រមទាំងស្វែងរកតុល្យភាពរវាងការធ្វើនិយ័តកម្ម ដែលដាក់កំហិតដល់ការស្រាវជ្រាវ នវានុវត្តន៍ និងសេរីភាវូបនីយកម្មនៃបច្ចេកវិទ្យា។ ពិតណាស់ ការអភិវឌ្ឍបច្ចេកវិទ្យា ឬរបកគំហើញថ្មីៗ អាចជាការលំបាកសម្រាប់កម្ពុជា ប៉ុន្តែអ្វីដែលអាចជួយកម្ពុជាឱ្យ Leapfrog បាន គឺការជំរុញការប្រើប្រាស់។

ទន្ទឹមនេះ របកគំហើញពិតជាកត្តាសំខាន់ ប៉ុន្តែការរប្រើប្រាស់របកគំហើញដែលមានស្រាប់សម្រាប់ការបង្កើតថ្មីៗកាន់តែមានសារសំខាន់សម្រាប់កម្ពុជា ក្នុងបរិបទបច្ចុប្បន្ន៕