សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឡាវ ពង្រីកនូវកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នាក្នុងក្របខណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច ដើម្បីគាំទ្រដល់ទំនាក់ទំនងនយោបាយ និងការទូត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឡាវ ពង្រីកនូវកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នាក្នុងក្របខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ដើម្បីគាំទ្រដល់ទំនាក់ទំនងនយោបាយ និងការទូត ខណ:ប្រទេសទាំងពីរគឺជាមិត្ដដែលមានប្រវត្ដិសាស្ដ្រយូរអង្វែងជាមួយគ្នា។
មានប្រសាសន៍បែបនេះនាឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួប និងប្រគល់សារតាំង នៅព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរ និងស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋទូតដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោបានចាត់ទុកវត្ដមាដ៏ឆាប់រហ័សរបស់ លោក Sonexay Vannaxay ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការផ្ដល់តម្លៃខ្ពស់ពីភាគីឡាវ ចំពោះទំនាក់ទំនងវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ លោក Sonexay Vannaxay បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបនឹងប្រគល់សារតាំងនាពេលនេះ។
លោក បានរំលេចពីទំនាក់ទំនងដ៏ល្អប្រសើរកម្ពុជាឡាវនាពេលកន្លងមក និងបន្ដមកដល់បច្ចុប្បន្ន ដែលភាគីទាំងពីរគឺជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ គង់វង្ស យូរអង្វែង ហើយប្រទេសទាំងពីរមានមិត្ដភាពជាដន្លងនិងគ្នា រួមនិងប្រវត្ដិសាស្ដ្រជួយគ្នាទៅវិញទៅមកផងដែរ។
លោក Sonexay Vannaxay បានបន្ដថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចនេះលោក ប្ដេជ្ញាពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ឡាវឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ដទៀត។
លោកបានសម្ដែងការអរគុណ និងដឹងគុណរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានជួយដល់ប្រទេសឡាវ និងប្រជាជនឡាវគ្រប់កាល:ទេស: ពិសេសគឺក្នុងបរិបទកូវីដ១៩កន្លងទៅ ដែលកម្ពុជាបានចូលរួមជួយផ្ដល់នូវវ៉ាក់សាំង និងសម្ភារ:បច្ចេកទេសមួយចំនួនដល់ប្រទេសឡាវដែលអំពើល្អទាំងនេះគឺស្ថិតក្នុងការចងចាំ និងដឹងគុណពីប្រជាជនឡាវ។
ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ដចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និតជាមួយគ្នា ដែលសម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងឡាវ មានទំនាក់ទំនងជាប្រវត្ដិសាស្រ្ដតាំងពីអតីតកាលមកដល់បច្ចុប្បន្នបន្ដភាពរឹងមាំ និងជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែងជាមួយគ្នា និងជាមិត្ដដែលមានចិត្ដស្មោះសរជាមួយគ្នាជានិច្ច។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យភាគីទាំងពីរពង្រីកនូវកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នាក្នុងក្របខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាមួយគ្នាឲ្យមានទំហំកើនឡើងដែលជាផ្នែកដ៏សំខាន់គាំទ្រដល់ទំនាក់ទំនងនយោបាយ និងការទូតទៅរលូនជាមួយគ្នា៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម ,ង៉ាន់ សំណាង