ជប៉ុននឹងជួយសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដែលធ្វើនាវាចរណ៍ក្នុងសមុទ្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាការបន្តជួយធ្វើទំនើបកម្មសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្តទៀត
ព្រះសីហនុ៖ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានឱ្យដឹងថា គម្រោងសាងសង់រ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជប៉ុនជួយនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ឆ្នាំ២០២៦ ដែលអាចសាងសង់រួចរាល់នៅខែកញ្ញា។
លោក លូ គឹមឈន់ បានឱ្យដឹងដូចនេះ ក្នុងពេលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះ៖ «ជប៉ុនជួយធ្វើជាអង់តែនរ៉ាដា ដើម្បីគ្រប់គ្រងកប៉ាល់ដើរក្នុងសមុទ្រទាំងអស់ហ្នឹងមកកាន់ផែយើង។ នៅខែកញ្ញា គម្រោងសាងសង់អង់តែនរ៉ាដានេះ ត្រូវសាងសង់រួចរាល់ហើយ»។
លោក លូ គឹមឈន់ អះអាងថា កំពង់ផែគឺជាបំពង់កដ៏សំខាន់នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះការធ្វើឱ្យទំនើបកម្មកំពង់ផែគឺជារឿងដ៏សំខាន់ ហើយនាំឱ្យសេដ្ឋកិច្ចរីកចម្រើន។ បើគ្មានកំពង់ផែទេនោះកម្ពុជានឹងជួបការលំបាកមួយចំនួន។ លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានបន្តជួយធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៣០ឆ្នាំមកនេះ ទាំងការជួយចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។
បើតាមលោក លូ គឹមឈន់ ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិមួយនេះ ទទួលកុងតឺន័រឆ្លងកាត់ជាង ១លាន ៣៤ម៉ឺនទូកុងតឺន័រ កើននជាង ១២ភាគរយ ធៀបនឹងឆ្នាំ២០២៤។ សម្រាប់រយៈពេល៣ ខែដំបូងនៃឆ្នាំ២០២៦ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាបានកើនឡើង៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕