ព័ត៌មានជាតិ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាកុងតឺន័រឆ្លងកាត់ជាង ១លាន ៣៤ម៉ឺនTEUs ក្នុងឆ្នាំ២០២៥ ដែលមានកំណើនជាង ១២ភាគរយ

image

ព្រះសីហនុ៖ យោងតាមការឱ្យដឹងពី លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថា ក្នុងឆ្នាំ២០២៥ កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ទទួលនាវាកុងតឺន័រឆ្លងកាត់ជាង ១លាន ៣៤ម៉ឺនTEUs ក្នុងកំណើនជាង១២ភាគរយ ធៀបនឹងឆ្នាំ២០២៤។

លោក លូ គឹមឈន់ បានឱ្យដឹងដូចនេះ ក្នុងទស្សនកិច្ចរបស់អ្នកសារពត៌មានស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ខណៈចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ក្រោមហិរញ្ញប្បទានជប៉ុន ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ សម្រេចការសាងសង់បានជាង ៦០ភាគរយ។

លោកក៏បានឱ្យដឹងដែរថា សព្វថ្ងៃនេះនាវាកុងតឺន័រមកពីគ្រប់តំបន់ បានឆ្លងកាត់កំពង់ផែពហុបំណងនេះ។ ទំនិញចេញ-ចូលកំពង់ផែនេះសព្វថ្ងៃមានប្រមាណជាង៧០ភាគរយទៅហើយ។

យោងតាមបទបង្ហាញ គម្រោងចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ នឹងមានសមត្ថភាពទទួលកុងតឺន័រ បាន១លាន ៤៥ម៉ឺនTEUs ខណៈគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលគ្រោងផែនការធ្វើឱ្យចប់នៅឆ្នាំ២០២៩ អាចសមត្ថភាពទទួលប្រមាណ២លានTEUs ក្នុងមួយឆ្នាំ និងចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ក្នុងផែនការឆ្នាំ២០៣០ អាចសមត្ថភាពទទួលប្រមាណជាង ២លាន៦២ម៉ឺនTEUs ក្នុងមួយឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅក្រោយឆ្នាំ២០៣០ កំពង់ផែស្វយ័តអន្តរជាតិរបស់កម្ពុជាមួយនេះ នឹងប្រែក្លាយសមត្ថភាពទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕