ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ ដល់បណ្តាសហគ្រាស និងគ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ

image

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ស្តីពីសុវត្ថិភាព និងសុខភាពការងារ(OSH) ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២៥០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥០នាក់ ក្នុងគោលបំណងឱ្យមន្ត្រីជំនាញចុះណែនាំ និងពិនិត្យការរៀបចំវិធានការការពារសុវត្ថិភាពនៅតាមកន្លែងធ្វើការឱ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញយ៉ាងលម្អិត ដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជក អំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងសុខភាពការងារ រួមមាន ការគ្រប់គ្រងភាពតានតឹងនៃកម្តៅ ការផ្តល់សង្គ្រោះបឋម របៀបលើកដាក់ទម្ងន់តាមបច្ចេកទេស និងឥរិយាបថក្នុងការបំពេញការងារ។ ជាមួយគ្នានោះដែរ កម្មវិធីក៏បានបញ្ចូលនូវការអប់រំស្តីពីការទប់ស្កាត់មេរោគអេដស៍ បញ្ហាគ្រឿងញៀន និងការយល់ដឹងអំពីជំងឺមិនឆ្លងផ្សេងៗ ដើម្បីពង្រឹងសុខុមាលភាពរបស់កម្មករនិយោជិតឱ្យបានកាន់តែទូលំទូលាយ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹងបន្ថែម និងពង្រឹងសមត្ថភាពបង្ការគ្រោះថ្នាក់ការងារដល់បងប្អូនកម្មករនិយោជិត។ ចំណេះដឹងបច្ចេកទេសទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់សិក្ខាកាមក្នុងការជួយសង្គ្រោះជីវិតខ្លួនឯង និងមិត្តរួមការងារបានទាន់ពេលវេលា ប្រកបដោយភាពម្ចាស់ការ និងមិនមានការស្លន់ស្លោនៅពេលជួបហេតុការណ៍អាសន្នណាមួយដែលកើតឡើងជាយថាហេតុនៅក្នុងកន្លែងធ្វើការ៕