ព័ត៌មានអន្តរជាតិ

Grab សិង្ហបុរី សម្រេចដំឡើងថ្លៃឈ្នួលតាក់ស៊ីជាបណ្ដោះអាសន្ន ដើម្បីជួយសម្រួលដល់អ្នកបើកបរ

image

សិង្ហបុរី៖ ក្រុមហ៊ុន Grab បានសម្រេចចិត្តដំឡើងថ្លៃឈ្នួលតាក់ស៊ី GrabCab ជាបណ្ដោះអាសន្ន ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី ៣០ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រដល់អ្នកបើកបរឱ្យមានលទ្ធភាពបន្តអាជីវកម្មបាន ខណៈដែលតម្លៃប្រេងឥន្ធនៈកំពុងមានការប្រែប្រួលខ្លាំង និងឡើងថ្លៃជាបន្តបន្ទាប់ ។

ការកែសម្រួលតម្លៃនេះ នឹងផ្ដោតលើការដំឡើងថ្លៃឈ្នួលពី ០,២៦ ដល់ ០,២៧ ដុល្លារសិង្ហបុរី ដោយគណនាតាមចម្ងាយផ្លូវ និងរយៈពេលរង់ចាំ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ថា ថ្លៃសេវាដំបូងនៅពេលឡើងជិះឡាន គឺមិនមានការប្រែប្រួលនោះទេ ដើម្បីកុំឱ្យមានសម្ពាធខ្លាំងពេកដល់អ្នកដំណើរ ។

យោងតាមការគណនារបស់ Grab ការកើនឡើងថ្លៃឈ្នួលនេះ នឹងមិនបង្កការលំបាកខ្លាំងដល់អ្នកដំណើរឡើយ។ ចំពោះការធ្វើដំណើរជិតៗ អ្នកជិះនឹងចំណាយបន្ថែមត្រឹមតែប៉ុន្មានសេនប៉ុណ្ណោះ ហើយសូម្បីតែការធ្វើដំណើរចម្ងាយឆ្ងាយបំផុត ដូចជាទៅព្រលានយន្តហោះជាដើមនោះ ក៏ការចំណាយបន្ថែមមិនលើសពី ១ ដុល្លារសិង្ហបុរីដែរ ។

ក្រុមហ៊ុន Grab បានសង្កត់ធ្ងន់ថា វិធានការនេះ គឺជាការបំពេញបន្ថែមលើការផ្ដល់ប័ណ្ណសាំង កាលពីសប្តាហ៍មុន។ ក្រុមហ៊ុនយល់ថា ការផ្ដល់ប្រាក់ចំណេញបន្ថែមបន្តិចបន្តួចសម្រាប់រាល់ការធ្វើដំណើរនីមួយៗ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជួយអ្នកបើកបរ ដោយប៉ះប៉ូវនូវការចំណាយសាំងដែលបានហក់ឡើងខ្ពស់ ។

មិនមែនតែ Grab នោះទេ សូម្បីតែក្រុមហ៊ុនតាក់ស៊ីធំមួយទៀតគឺ ខមហ្វតដែលហ្គ្រោ (ComfortDelGro) ក៏បានដាក់ចេញនូវវិធានការស្រដៀងគ្នានេះដែរ។ សកម្មភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវភាពអ្នកបើកបរ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនសាធារណៈ ក្នុងអំឡុងដែលពិភពលោកកំពុងជួបវិបត្តិថាមពល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖​ CNA/ The Straits Times