ព័ត៌មានអន្តរជាតិ

សិង្ហបុរី និងអូស្ត្រាលី បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិ

image

សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរិន វ៉ុង (Lawrence Wong) និងសមភាគីអូស្ត្រាលី លោក អាន់តូនី អាល់បានី (Anthony Albanese) បានបើកកិច្ចពិភាក្សាតាមទូរសព្ទជាបន្ទាន់ ដើម្បីរិះរកមធ្យោបាយការពារខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញជាយុទ្ធសាស្ត្រ ជាពិសេសគឺប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិ (LNG)។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាផ្នែកទីផ្សារថាមពលពិភពលោក ដែលកំពុងរងសម្ពាធយ៉ាងខ្លាំងពីជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា ។

មេដឹកនាំទាំងពីរ បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ដែលបានបណ្តាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅប្រទេសកាតា។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាច្រកនៃដង្ហើមសេដ្ឋកិច្ចសម្រាប់ដឹកជញ្ជូនថាមពលមួយភាគប្រាំរបស់ពិភពលោក ដោយធ្វើឱ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ ។

សម្រាប់សិង្ហបុរី ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលជារឿងដ៏សំខាន់បំផុត ព្រោះតែប្រទេសនេះប្រើប្រាស់ឧស្ម័នធម្មជាតិដែលនាំចូលរហូតដល់ ៩៥% សម្រាប់ផលិតអគ្គិសនី។ ដូចនេះ ការពង្រឹងទំនាក់ទំនងជាមួយអូស្ត្រាលី ដែលជាប្រទេសផលិតឧស្ម័ន LNG ដ៏ធំមួយក្នុងលោក គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាថាប្រជាជនសិង្ហបុរីមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ។

កិច្ចសហប្រតិបត្តិការថ្មីនេះ នឹងផ្តោតលើការលុបបំបាត់រាល់ឧបសគ្គនៃការនាំចូល និងនាំចេញ ព្រមទាំងការផ្តល់ដំណឹងឱ្យគ្នាទៅវិញទៅមកជាមុន ប្រសិនបើមានសញ្ញានៃការរអាក់រអួលដល់ការដឹកជញ្ជូន។ ភាគីទាំងពីរនឹងពន្លឿនការបង្កើតកិច្ចព្រមព្រៀងដែលមានលក្ខណៈចងភ្ជាប់ផ្លូវច្បាប់ ដើម្បីធានាថាពាណិជ្ជកម្មលើវិស័យនេះ នឹងមិនមានការរំខាន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

សកម្មភាពនេះ ក៏ជាផ្នែកមួយនៃការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ២.០ រវាងប្រទេសទាំងពីរ ដែលមានបំណងពង្រីកការតភ្ជាប់សេដ្ឋកិច្ច និងវិនិយោគលើថាមពលកកើតឡើងវិញ។ មេដឹកនាំទាំងពីរជឿជាក់ថា ទំនុកចិត្តជាយុទ្ធសាស្ត្រ និងការប្រកាន់ខ្ជាប់នូវច្បាប់ពាណិជ្ជកម្មសេរី គឺជាសសរស្តម្ភនៃសន្តិសុខក្នុងតំបន់ ។
សិង្ហបុរី និងអូស្ត្រាលី ក៏បានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ឱ្យរួមដៃគ្នាការពារខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកលកុំឱ្យរងនូវការកាត់ផ្ដាច់។ មេដឹកនាំទាំងពីរសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ការរក្សាទីផ្សារឱ្យនៅបើកចំហ គឺជាមធ្យោបាយតែមួយគត់ដើម្បីការពារសន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជននៅក្នុងតំបន់ និងពិភពលោកទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA​ | រូបភាព៖​ CNA/ Vietnam Investment Review.