លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី, រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងពីក្រសួង ស្ថាប័ននានា ប្រមាណ ៦០០នាក់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាប័ននៃទីស្ដីការគណៈ រដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គសន្និបាតទាំងមូល និងបានគូសបញ្ជាក់ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងជ្រាលជ្រៅ របស់ សម្ដេចធិបតី ចំពោះសារៈ សំខាន់ នៃតួនាទី ភារកិច្ច និងការងារ ដែលមានលក្ខណៈយុទ្ធសាស្ត្ររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនាមជា សេនាធិការរបស់គណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ សម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនជូនប្រទេសជាតិ មាតុភូមិ ក្នុងរយៈពេលកន្លងមក ទាំងក្នុងក្របខ័ណ្ឌលទ្ធផលការងារ ក្នុងការបម្រើរាជរដ្ឋាភិបាលក្នុងនាមជាសេនាធិការ ក៏ដូចជាការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី និង ការខំប្រឹងប្រែងបង្កើនសមត្ថភាពរៀងៗខ្លួន តាមរយៈការរៀនសូត្រ, ការបណ្ដុះបណ្ដាល, ការធ្វើការជាក្រុម ហើយអ្វីដែលសំខាន់បំផុតគឺធានាបាននូវឯកភាព និងសាមគ្គីភាព យ៉ាងរឹងមាំក្នុងក្របខ័ណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីទាំងមូល។
ថ្លែងក្នុងពិធីបើកអង្គសន្និបាត លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ឡើងវិញអំពីអត្តសញ្ញាណរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី (sense of identity) ដែលជាផ្នែកមួយរបស់រាជរដ្ឋាភិបាល, ជាផ្នែកមួយនៃវិស័យសាធារណៈ និងជាស្ថាប័នដែលដើរតួនាទីសំខាន់ ជាយុទ្ធសាស្ត្រ និងគន្លឹះ ជាសេនាធិការដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេស, ការដោះស្រាយបញ្ហាជាតិធំៗ និងការអភិវឌ្ឍជាតិ ព្រមទាំងការបម្រើប្រទេសជាតិនិងប្រជាជន។ ក្នុងន័យនេះ ទីស្ដីការ គណៈរដ្ឋមន្ត្រី បានដាក់ចេញ នូវចក្ខុវិស័យរបស់ខ្លួន «ជាស្ថាប័នដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ក្នុងការបំពេញការងារ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល»។ លោក បានបន្តថាដើម្បីតម្រង់ទិស តម្រង់ស្មារតី និងផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន, ទីស្ដីការគណៈរដ្ឋមន្ត្រី បានកំណត់និងបណ្ដុះនូវគុណតម្លៃស្នូលចំនួន៤ គឺ៖ ទី១. នីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ, ទី២. គុណាធិបតេយ្យ, ទី៣. សាមគ្គីភាពនិងបរិយាបន្ន និងទី៤. វិជ្ជាជីវៈនិងក្រមសីលធម៌។ ទន្ទឹមនេះ ទីស្ដី ការគណៈរដ្ឋមន្ត្រី ក៏បានកំណត់នូវ អភិក្រមការងារ ចំនួន៤ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានអារម្មណ៍ ហៅថា Sense of Belonging, ជាម្ចាស់នៃបញ្ហា, ជាម្ចាស់នៃភារកិច្ច, ជាអ្នកទទួលខុសត្រូវលើមុខងារ និងបេសកកម្មរបស់ខ្លួន ហើយក្នុងការបំពេញមុខងារនិងបេសកកម្ម ត្រូវមានការគិតគូរអំពីគុណតម្លៃរបស់ស្ថាប័នឱ្យជ្រាបទៅដល់បុគ្គលម្នាក់ៗ។ អភិក្រមការងារ ទំាង៤នេះ រួមមាន៖ ទី១. បំពេញការងារប្រកបដោយវិជ្ជាជីវៈ ដោយ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ទី២.បំពេញការងារជាក្រុម ដោយឈរលើ ស្មារតីនៃប្រយោជន៍រួម និងគុណតម្លៃរួម ចេះសហការគ្នា ចេះសម្របសម្រួលគ្នា ចេះជួយគ្នា និងចេះចែករំលែក ដោយគោរពឋានានុក្រម និងការទទួលខុសត្រូវ តាមមុខងារ និងភារកិច្ចរៀងៗខ្លួនទី៣. បំពេញការងារដោយប្រកាន់ ខ្ជាប់ស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា ទី៤. ទទួលយកការ រិះគន់ ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬមតិផ្សេងពីខ្លួន និងត្រូវចេះធ្វើស្វ័យទិតៀន។ ទាំងអស់នេះហើយ គឺជាប្រភពក្នុងការបង្កើនសមត្ថភាព បង្កើនភាពជាម្ចាស់ និងបង្កើតនូវវប្បធម៌ការងារមួយ ដែលធ្វើឱ្យយើងខ្លាំងពូកែ រឹងមាំ ចេះរស់ខ្លួនឯង អាចពឹងខ្លួនឯងបាន និងចេះធ្វើល្អទៀត ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ អំពីមុខងារស្នូលទាំង៧ មុខងារសម្របសម្រួលទាំង៥ និងមុខងារគាំទ្រ ទាំង៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងបានសង្កត់ធ្ងន់អំពីការកសាងនិង កែទម្រង់ស្ថាប័ន ការកែលម្អប្រព័ន្ធការងារ និងការពង្រឹងអភិបាលកិច្ចក្នុងស្ថាប័ន ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាល និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានាប្រតិបត្តិការកាងារ និងអាចបំពេញការងារប្រកបដោយគុណភាព, ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងនូវការគោរពនិងអរគុណចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការទាំងអស់នៃទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានចូលរួមជាថវិកា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងការគាំទ្រនានា ចំនួន៣លើក សរុបជាទឹកប្រាក់ប្រមាណ ៣៥០ ០០០ ដុល្លារអាម៉េរិក សម្រាប់ ឧបត្ថម្ភជូនបងប្អូន ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះគូសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ សាមគ្គីជាតិ ឯកភាពជាតិ ស្រឡាញ់ជាតិ និងស្រឡាញ់ប្រជាជនដោយពិតប្រាកដ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមស្ដាប់និងផ្ដល់មតិយោបល់ជាធាតុចូលឱ្យបានផុលផុសលើមូលបទ ក៏ដូចជាប្រធានបទនៃអង្គសន្និបាត រកចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម ពិសេសក្នុងបរិការណ៍បច្ចុប្បន្នដែលពិភពលោកកំពុងបែកបាក់ ប្រព័ន្ធនិងយន្តការអង្គការអន្តរជាតិចុះខ្សោយ សភាពការណ៍អន្តរជាតិកាន់តែស្មុគស្មាញ ព្រមទាំងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយភូមិសាស្ត្រសេដ្ឋកិច្ច សង្គ្រាមឈ្លានពានពីថៃ និងបទល្មើសបច្ចេកវិទ្យា ហើយចុងក្រោយនេះគឺ សង្រ្គាមនៅមជ្ឈិមបូព៌ាដែលបង្កើតសម្ពាធដ៏ធំហើយធ្ងន់ដល់ប្រទេសយើង ដែលយើងត្រូវរួមគ្នាពិភាក្សារកដំណោះស្រាយសមស្របឆ្លើយតបនឹង បញ្ហាប្រឈមទាំងនេះ និងតម្រង់ទិសការងារ នៅក្នុងបំពេញបេសកកម្មបម្រើជាតិដោយស្មោះត្រង់ ដោយក្លាហាន និងហ៊ានលះបង់ ក្នុងការបន្តដំណើរទៅមុខទៀត សំដៅកសាងភាពធន់ ភាពជាម្ចាស់ និងសមត្ថភាពរស់រាន សមត្ថភាពរីកលូតលាស់ និងសមត្ថភាពការពារខ្លួនឱ្យខាងតែបាន៕