កម្ពុជា-ឥណ្ឌា ពិភាក្សាគ្នារកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Shri P. Kumaran អនុរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
ផ្អែកលើទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។
ភាគីទាំងពីរ ក៏បានពិភាក្សាពីការត្រៀមរៀបចំទស្សនកិច្ចជាន់ខ្ពស់នៅពេលអនាគត ផងដែរ ។
ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនលោក Shri P. Kumaran៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម