អភិបាលខេត្តកំពង់ស្ពឺ ណែនាំ និងលើកទឹកចិត្តដល់យោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានណែនាំ និងលើកទឹកចិត្តដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។ ការណែនាំនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចំនួន ៣៦នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺទៅកាន់វិទ្យាស្ថានហ្វឹកហ្វឺនកងរាជអាវុធហត្ថកំបូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពលរដ្ឋមានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយមន្ត្រីរាជការម្នាក់ ឬកងកម្លាំងម្នាក់ ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និងប្រជាពលរដ្ឋ។
លោកបានសបញ្ជាក់ថា ចំពោះកងកម្លាំងដែលទើបទទួលបានការជ្រើសរើសថ្មី នៃក្របខណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺគឺមានភារកិច្ចជាប់ខ្លួនចាំបាច់ គឺការហ្វឹកហ្វឺន ដែលផ្តល់នូវមូលដ្ឋានមួយចំនួន សម្រាប់ការបំពេញភារកិច្ចក្នុងនាមជាសមាជិកនៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះត្រូវចាប់យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង អំពីជីវិតកងទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា ហ្វឹកហ្វឺនរួមគ្នា សហការសាមគ្គីជួយគ្នា ដើម្បីសម្រេចបានភារកិច្ចរួម ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំឭកបន្ថែមដល់យោធិន ត្រូវសិក្សាអំពីតួនាទីភារកិច្ចកងទ័ព សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការអនុវត្តក្រឹត្យក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំខ្លួនឱ្យក្លាយជាយោធិនពេញលក្ខណៈ មានស្មារតីភ្ញាក់រលឹក ម្ចាស់ការលើការគោរពវិន័យ ការបំពេញភារកិច្ច និងការទទួលខុសត្រូវ ក្នុងនាមបុគ្គលម្នាក់ៗ ក្នុងនាមក្រុមក៏ដូចជាក្នុងនាមកងទ័ពទាំងមូល ហើយត្រូវសិក្សាអំពីជំនាញចំណេះដឹងយោធា ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបានតាមរយៈការហ្វឹកហ្វឺនច្បាស់លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ ហើយក្រោយពីវិលត្រលប់មកពីហ្វឹកហាត់វិញ ត្រូវមានតួនាទីសំខាន់ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា នៅពេលក្លាយខ្លួនជាកងកម្លាំងប្រដាប់អាវុធក្រោយបញ្ចប់ការហ្វឹកហ្វឺន ត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្ម គឺរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដែនដីដែលខ្លួនរស់នៅ ចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវបង្ក្រាបឱ្យបានរាល់បញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់៕
អត្ថបទ៖ ប៊ុត សារុន