ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន ៣នៃស្រុកអូរជ្រៅ សរុប ២៥៨១ប័ណ្ណ

image

បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិបន្លិច ភូមិអ្នកតាឈរ ភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្មើនឹង ២៥៨១ប័ណ្ណ។ ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦នេះ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ស្រុកអូរជ្រៅ បានចាប់ផ្តើមអនុវត្តការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធចាប់ពី ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ។ ការចុះបញ្ជី និងចែកវិញ្ញាបនបត្រ បានរួចរាល់ចំនួន ៣ឃុំ (ឃុំកូប ឃុំគុត្តសត និងឃុំសំរោង) ដោយឡែកឃុំសំរោង បានចុះបញ្ជី និងចែកវិញ្ញាបនបត្រ រួចរាល់ចំនួន ៧ភូមិ នៅចំនួន ៣ភូមិ គឺភូមិអ្នកតាឈរ ភូមិបន្លិច និងភូមិអញ្ចាញ ដែលជាភូមិចុងក្រោយនៃឃុំសំរោង។ ចំពោះឃុំអូរបីជាន់ បានបញ្ចប់ការវាស់វែងនៅភូមិបន្ទាយថ្មី ភូមិថ្នល់បត់ និងភូមិអូរបីជាន់ (មួយផ្នែក) ហើយបានបញ្ចប់ការបិទផ្សាយ លើភូមិចំនួន ៤ (ភូមិទំនប់ដាច់ ភូមិព្រាវ ភូមិស្នួល ទ្រេត និងភូមិប្រាសាទ)។ ដោយឡែក ភូមិសិលាខ្មែរ ភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិអូរបីជាន់ (មួយផ្នែក) មិនទាន់បានវាស់វែងដោយសារជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ ឯឃុំចង្ហា ឃុំសឹង្ហ និងឃុំសូភី បានបញ្ចប់ការវាស់វែង និងរៀបចំឯកសារវិនិច្ឆ័យ ត្រៀមបិទផ្សាយជាសាធារណៈតាមនីតិវិធីផងដែរ។

នាឱកាសនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់អំពីផលប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចជាការធានាភាពស្របច្បាប់ កាត់បន្ថយជម្លោះពីទំនាស់ដីធ្លី ការផ្ទេរសិទ្ធិ (ជាអំណោយក្ដី ជាការលក់ក្តី) រួមទាំងការដាក់បញ្ចាំនៅធនាគារ ដើម្បីខ្ចីប្រាក់ពង្រីកមុខរបរជាដើម។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោកអភិបាល ក៏បានសំណូមពរឱ្យអាជ្ញាធរក្រុង-សង្កាត់-ភូមិ ជួយផ្សព្វផ្សាយបំផុសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងស្ថាប័ន ពាក់ព័ន្ធ ចូលរួមសហការក្នុងសកម្មភាពការងារចុះបញ្ជីដីធ្លីនេះឱ្យបានច្រើនជាទីបំផុត និងសូមឲ្យប្រជាពលរដ្ឋ ក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិនេះហើយ សូមថែរក្សាទុកដាក់ឱ្យបានល្អ និងត្រឹមត្រូវ៕