មនុស្ស៤នាក់ស្លាប់និងរបួស ក្នុងគ្រោះថ្នាក់យន្តហោះបុករថយន្តពន្លត់អគ្គិភ័យនៅលើផ្លូវរត់នាទីក្រុងញូវយ៉ក
សហរដ្ឋអាម៉េរិក៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឯព្រលានយន្តហោះ ឡាហ្គាឌៀ (LaGuardia) ទីក្រុងញូវយ៉ក នៅពាក់កណ្ដាលអាធ្រាត្រថ្ងៃអាទិត្យ នៅពេលដែលយន្តហោះរបស់ក្រុមហ៊ុន Air Canada Express កំពុងចុះចត ដោយរត់ជ្រុលទៅបុកជាមួយរថយន្តពន្លត់អគ្គិភ័យនៅលើផ្លូវរត់។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យអ្នកបើកបរ និងជំនួយការអ្នកបើកបរបាត់បង់ជីវិតភ្លាមៗ ចំណែកឯមន្ត្រីសមត្ថកិច្ច ២ នាក់នៅក្នុងរថយន្តរងរបួសដោយបាក់ឆ្អឹង ប៉ុន្តែអ្នកដំណើរទាំង ៧៦ នាក់នៅលើយន្តហោះមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ។
តាមការស៊ើបអង្កេតបឋម ឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យនោះកំពុងបើកបរលើផ្លូវរត់ក្នុងបេសកកម្មទៅជួយសង្គ្រោះហេតុការណ៍ផ្សេងមួយទៀត ខណៈយន្តហោះកំពុងចុះចតក្នុងល្បឿនលឿនជាងធម្មតា។ គេសង្ស័យថា កត្តាភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យគេមិនអាចមើលឃើញផ្លូវច្បាស់ អាចជាមូលហេតុបង្កឱ្យមានហេតុការណ៍នេះ ។
គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន (NTSB) កំពុងតែចុះទៅត្រួតពិនិត្យទីកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ រួមទាំងពិនិត្យលើបញ្ហាបច្ចេកទេស និងកង្វះខាតបុគ្គលិកនៅព្រលានយន្តហោះនាពេលថ្មីៗនេះ។ ជាលទ្ធផល ព្រលានយន្តហោះទាំងមូល ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន ដែលបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន រួមទាំងមានការកកស្ទះចរាចរណ៍នៅជុំវិញតំបន់នោះយ៉ាងខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ NBC New York | រូបភាព៖ NBC New York/ (Ryan Murphy / AP)