លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់ AI ដោយមានភាពឈ្លាសវៃ និងការទទួលខុសត្រូវ ខណៈបច្ចេកវិទ្យានេះ គឺជា «អាវុធមុខពីរ»
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយមានការទទួលខុសត្រូវ និងភាពឈ្លាសវៃ ដោយព្រមានថា បច្ចេកវិទ្យាដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សអាចមានប្រយោជន៍ ប៉ុន្តែក៏បង្កគ្រោះថ្នាក់ដែរ ប្រសិនបើប្រើប្រាស់ខុស។
ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី របស់សាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy) នៅជ្រោយចង្វារ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកត់សម្គាល់ថា បច្ចេកវិទ្យា រួមទាំង បញ្ញាសិប្បនិម្មិត (AI) កំពុងកំណត់ពីរបៀបនៃការអប់រំ និងការរៀនសូត្រ ដែលធ្វើឱ្យវាចាំបាច់សម្រាប់សិស្សានុសិស្សក្នុងការសម្របខ្លួន។
ការកត់សម្គាល់នេះ កើតឡើងនៅពេលដែលវិស័យអប់រំរបស់ប្រទេសកម្ពុជាបន្តធ្វើទំនើបកម្មដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាសកល។ លោកឧបនាយករដ្ឋមន្ត្រី មានប្រ សាសន៍ថា ខណៈដែលពិភពលោកកំពុងមានការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច ការកើនឡើងនៃបញ្ញាសិប្បនិម្មិត គឺជាកម្លាំងសំខាន់មួយដែលផ្លាស់ប្តូររបៀបដែលសិស្សរៀន និងរៀប ចំសម្រាប់អនាគត។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានពិពណ៌នាអំពីបញ្ញាសិប្បនិម្មិត ថាជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដែលអាចប្រើប្រាស់ក្នុងការទទួលបានចំណេះដឹង និងបង្កើនបទពិសោធន៍សិក្សា។ ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា វាមិនគួរជំនួសការគិតវិភាគ វិនិច្ឆ័យ (critical thinking) ឬការទទួលខុសត្រូវផ្ទាល់ខ្លួននោះទេ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត គឺជា «អាវុធមុខពីរ» ដែលមានសមត្ថភាពជំរុញវឌ្ឍនភាព និងវិបុលភាព ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏អាចត្រូវបានប្រើដើម្បីបង្កើតភាពវឹកវរ និងគ្រោះមហន្តរាយផងដែរ។ ដូច្នេះយើងត្រូវបង្រៀនសិស្សឱ្យមានវិធីសាស្រ្តដែលមានតុល្យភាព និងប្រើប្រាស់ AI ដោយភាពឈ្លាសវៃ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យស្ថាប័នអប់រំនានា មិនត្រឹមតែបង្រៀនជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពគិតវិភាគ វិនិច្ឆ័យ ប្រកបដោយសីលធម៌ មានការទទួលខុសត្រូវ និងគិតប្រកបដោយតុល្យភាព ដល់សិស្សានុ សិស្សផងដែរ។
លោកស្រី Janet Tartaglia នាយិកាសាលា AUPP Liger Leadership Academy បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរសកលយ៉ាងឆាប់រហ័ស ដោយសារវឌ្ឍនភាពបច្ចេកវិទ្យា ជាពិសេសការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្ម និងកំណត់ឡើងវិញនូវជំនាញដែលយុវជនត្រូវការនាពេលអនាគត។
ក្នុងបរិបទនេះ លោកស្រីសង្កត់ធ្ងន់ថា ចំណេះដឹងតែមួយមុខមិនគ្រប់គ្រាន់ទៀតឡើយ ដោយសិស្សត្រូវការអភិវឌ្ឍបន្ថែមលើភាពច្នៃប្រឌិត សមត្ថភាពសម្របខ្លួន ការវិនិច្ឆ័យសីលធម៌ ភាពវៃឆ្លាតផ្នែកអារម្មណ៍ និងសមត្ថភាពធ្វើការជាក្រុមឆ្លងកាត់វប្បធម៌ និងវិញ្ញាសាផ្សេងៗ។ ទាំងនេះជាគុណសម្បត្តិសំខាន់ៗដែលសាលាមានគោលបំណងបណ្តុះឱ្យសិស្សទទួលបាន ហើយសាលា នឹងផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួនជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមានគំនិតសហគ្រិនភាព៕