នាយករដ្ឋមន្ត្រីហុងគ្រី៖ ប្លុកអឺរ៉ុបទាំងមូលនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី បើអ៊ុយក្រែនចូលជាសមាជិក
ហុងគ្រី៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័រប៊ែន (Viktor Orban) កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការចំពោះបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប ដោយលោកយល់ថា វានឹងទាញប្លុកអឺរ៉ុបទាំងមូលឱ្យធ្លាក់ក្នុងសង្គ្រាមផ្ទាល់ជាមួយរុស្ស៊ី។ ម្យ៉ាងទៀត លោកសង្កត់ធ្ងន់ថា ការផ្ដល់សមាជិកភាពឱ្យប្រទេសដែលមានទំហំធំដូចអ៊ុយក្រែន នឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអំណាច និងសិទ្ធិសម្រេចចិត្តរបស់ប្រទេសសមាជិកដទៃទៀត ជាពិសេសគឺហុងគ្រីតែម្ដង ។
ទាក់ទងនឹងការផ្ដល់ជំនួយឯណោះវិញ លោក អ័រប៊ែន (Orban) ប្រកាសថា ហុងគ្រីបានបំពេញកាតព្វកិច្ចជួយដល់អ៊ុយក្រែនគ្រប់គ្រាន់អស់ហើយ ហើយចាប់ពីពេលនេះទៅ លោកនឹងមិនបន្តគាំទ្រអ៊ុយក្រែនរហូតដល់ថ្នាក់ធ្វើឱ្យសេដ្ឋកិច្ចជាតិខ្លួនឯងធ្លាក់ដុនដាបនោះទេ។ លោកបញ្ជាក់ថា ហុងគ្រីមិនមានបំណុលអ្វីជំពាក់ទីក្រុងគៀវដែលត្រូវសងបន្តទៀតឡើយ ហើយនឹងមិនបញ្ជូននរណាម្នាក់ឱ្យទៅបង្ហូរឈាមក្នុងទឹកដីអ៊ុយក្រែនជាដាច់ខាត ។
លោក អ័រប៊ែន (Orban) ក៏បានលើកឡើងពីបញ្ហាសន្តិសុខថាមពល ដោយចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ និងការបិទខ្ទប់ការនាំចូលប្រេង ដែលបង្កការលំបាកដល់ហុងគ្រី។ លោកមើលឃើញថា ពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ដែលពោពេញទៅដោយសង្គ្រាម និងវិបត្តិថាមពល ដោយទាមទារឱ្យហុងគ្រីត្រូវការពារប្រយោជន៍ជាតិខ្លួនជាចម្បង ។
សារនយោបាយដ៏រឹងមាំនេះ បានធ្វើឡើងចំពេលដែលការបោះឆ្នោតជាតិនៅហុងគ្រីខិតជិតចូលមកដល់ក្នុងខែមេសា។ លោក អ័រប៊ែន (Orban) កំពុងប្រើប្រាស់បញ្ហាសង្គ្រាម និងអធិបតេយ្យភាពជាតិ ជាចំណុចស្នូលក្នុងយុទ្ធនាការរបស់លោក ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងថ្មី គឺលោក ភីធ័រ ម៉ាយ៉ា (Peter Magyar) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Eastern Herald on Microsoft Bing