ព័ត៌មានអន្តរជាតិ

មន្ត្រី ៣នាក់ស្លាប់ អំឡុងបំពេញភារកិច្ចរក្សាសណ្ដាប់ធ្នាប់ និង១០នាក់របួស ក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា

image

ប៉ាឡេស្ទីន៖ មន្ត្រីនគរបាល ៣រូបបានបាត់បង់ជីវិត និង ១០នាក់ផ្សេងទៀតទទួលរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ ដោយការវាយប្រហារនេះ សំដៅលើក្រុមមន្ត្រីដែលកំពុងល្បាត នៅក្នុងជំរុំ នូសេរ៉ាត់ (Nuseirat) ភាគកណ្តាលតំបន់ហ្គាហ្សា ។

សាក្សី និយាយថា ហេតុការណ៍នេះបានកើតឡើងនៅជំរុំជនភៀសខ្លួន នូសេរ៉ាត់ (Nuseirat) ដោយគ្រាប់បែកបានធ្លាក់ចំរថយន្តល្បាតរបស់មន្ត្រី ខណៈដែលពួកគេកំពុងបំពេញកាតព្វកិច្ចរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់។ សាក្សីបន្ថែមថា កម្លាំងផ្ទុះបានធ្វើឱ្យរថយន្តខូចខាតខ្ទេចខ្ទី និងបណ្តាលឱ្យសាកសពជនរងគ្រោះត្រូវដាច់រហែកជាបំណែកៗនៅពាសពេញផ្លូវ ។

ទន្ទឹមនឹងនោះ ក្រសួងមហាផ្ទៃក្នុងតំបន់ហ្គាហ្សា បានចាត់ទុកសកម្មភាពនេះ ថាជាការកំណត់គោលដៅដោយចេតនាលើមន្ត្រីអនុវត្តច្បាប់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើសន្តិសុខស៊ីវិល ស្របពេលដែលភាគីអ៊ីស្រាអ៊ែល មិនទាន់ចេញមុខទទួលខុសត្រូវ ឬបកស្រាយនៅឡើយ ។

ការវាយប្រហារនេះ បានកើតឡើងចំពេលដែលពិភពលោកកំពុងតាមដានការអនុវត្តផែនការសន្តិភាពរបស់ប្រធានាធិបតីត្រាំ ដែលមានគោលដៅបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។ ផែនការដំណាក់កាលទីពីរដែលបានប្រកាសកាលពីដើមឆ្នាំ រួមមានការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្មី និងការរំសាយអាវុធក្រុមប្រដាប់អាវុធ ដើម្បីឈានទៅរកការកសាងតំបន់ហ្គាហ្សាឡើងវិញ និងសន្តិភាពយូរអង្វែង ។

ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីខែតុលាក៏ដោយ ប៉ុន្តែអំពើហិង្សាដែលនៅតែបន្តកើតមាន ហើយបញ្ហានេះ បានបង្ហាញពីភាពផុយស្រួយនៃសន្តិភាពក្នុងតំបន់។ ការបង្ហូរឈាមជាថ្មីលើមន្ត្រីនគរបាលក្នុងតំបន់ បានក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ការអនុវត្តផែនការសន្តិភាព ២០ ចំណុចរបស់អាម៉េរិក និងធ្វើឱ្យប្រជាជននៅក្នុងតំបន់ហ្គាហ្សានៅតែបន្តរស់នៅក្នុងភាពភ័យខ្លាច និងអស្ថិរភាព ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.