មេបញ្ជាការនគរបាលអ៊ីរ៉ង់ ស្នើជួយការពារកោះ Greenland បើអឺរ៉ុបគ្មានលទ្ធភាពទប់ទល់នឹងការគំរាមកំហែង
អ៊ីរ៉ង់៖ មេបញ្ជាការនគរបាលអ៊ីរ៉ង់ លោក អាម៉ាដ្រហ្សា រ៉ាដាន (Ahmadreza Radan) បានលើកឡើងដោយចំអកថា ទីក្រុងតេហ៍រ៉ង់អាចជួយការពារ កោះហ្គ្រីនលែន (Greenland) ឱ្យបាន ប្រសិនបើសហភាពអឺរ៉ុបមិនមានលទ្ធភាពទប់ទល់នឹងការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះនៅតំបន់អាកទិកមួយនេះ។ ទោះជាបែបណាក្ដី កាលបរិច្ឆេទ និងទីតាំងនៃវីដេអូនោះ នៅមិនទាន់មានការបញ្ជាក់ដោយឯករាជ្យនៅឡើយទេ។
ស្ថានភាពនេះ បានកើតឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុប កំពុងស្ថិតនៅក្នុងភាពតានតឹងជាខ្លាំង ដោយសារតែលោក ត្រាំ បានបង្ខំឱ្យអឺរ៉ុបចូលរួមក្នុងប្រតិបត្តិការយោធានៅច្រកសមុទ្រ ហ័រមូស ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែត្រូវអឺរ៉ុបបដិសេធ ព្រោះមិនចង់ឱ្យសង្គ្រាមរីករាលដាលកាន់តែធំ។ ការមិនចុះសម្រុងគ្នានេះ បានបង្កើតជាឱកាសមាសសម្រាប់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់វោហារសាស្ត្រដើម្បីធ្វើឱ្យសម្ព័ន្ធមិត្តទាំងពីរនេះកាន់តែមើលមុខគ្នាមិនត្រង់ ។
ខណៈសង្គ្រាមរវាងអ៊ីរ៉ង់ អាម៉េរិក និងអ៊ីស្រាអ៊ែល កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅឈានចូលសប្តាហ៍ទី ៤ វិវាទជុំវិញកោះហ្គ្រីនលែន បានក្លាយជាប្រធានបទថ្មីមួយទៀតដែលជួយបង្វែរដាននយោបាយ។ ទន្ទឹមនឹងនោះ ជំហររបស់អឺរ៉ុប នៅតែរឹងមាំក្នុងការមិនយកស្ថានភាពកោះហ្គ្រីនលែនមកចរចាឬដោះដូរឡើយ ប៉ុន្តែការដែលរងសម្ពាធពីលោក ត្រាំ ទាំងលើរឿងកោះ និងរឿងសង្គ្រាមក្នុងពេលតែមួយ កំពុងតែធ្វើឱ្យប្លុកអឺរ៉ុបស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ CNBC on Microsoft Bing/ Shutter Stock