ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ណែនាំមិនឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហាមឃាត់ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ និង ដុតផាវជាដើម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

image

រតនគិរី៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានចេញការហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហាមឃាត់ការលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើម។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តី ពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៦ ដែលបានរៀបចំធ្វើឡើងនៅ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោកអភិបាលខេត្ត បន្តថា កិច្ចប្រជុំនាពេលនេះ គឺផ្ដោតសំខាន់លើការងារការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺ ការពារ២៤ ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ជាប្រចាំ ដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ពេលចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ លោក ថា ឆ្នាំនេះ ក៏ដូចឆ្នាំកន្លងទៅ រដ្ឋបាលខេត្ត នឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ។

លោកអភិបាលខេត្ត បានណែនាំថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀប
ចំធ្វើរោងតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅមុខអង្គភាពរៀងៗខ្លួន ចូលរួមអបអរសង្រ្កាន្តឆ្នាំថ្មី។ គ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នាជាមួយគណៈកម្មការរៀបចំពពិធីបុណ្រ ដើម្បីរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព និង កែលម្អសោភ័ណភាពកន្លែងកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលមានការឡើងកំដៅខ្លាំង។

តាមរយ:កិច្ចប្រជុំនេះផងដែរ លោកអភិបាលខេត្ត បាន អំពាវនាវឱ្យអាជីវករ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និងសម្អាតបរិស្ថាន។ ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្ត ហើយត្រូវរៀបចំ ឬតាំងព្យួររាល់មុខទំនិញ ឱ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ តាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ។ ចំពោះម្ចាស់ទីតាំងទទួលផ្ញើកង់ ម៉ូតូ និងរថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និងរថយន្តឱ្យមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកផ្លូវថ្នល់មកធ្វើអាជីវកម្ម និងទទួលខុសត្រូវបោសសម្អាតឱ្យបានស្អាតជាប្រចាំ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។ រយ:ពេល៣នេះ នឹងមានការលេង
ល្បែងកម្សាន្តប្រជាប្រិយខ្មែរ នានាមាន ដូចជា ចោលឈូង បោះអង្គុញ ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង ទាញព្រ័ត្រ លោតបាវ ពាំពងទា វាយក្អម/ទូលក្អម ល្បែងស្វាដណ្តើមស្លឹកឈើ ប្រណាំជិះកង់លឿន/យឺត ការប្រគុំតន្ត្រីបុរាណ សម័យ និងរាំលេងកម្សាន្ត ព្រមទាំងការដាក់តាំងបង្ហាញផលិតផលនានាជាដើម៕


អត្ថបទ៖ ប៉េស សារី