ទីស្តីការគណៈរដ្ឋមន្ត្រី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដើម្បីបូកសរុបវឌ្ឍនភាពការងារ ពិនិត្យបញ្ហាប្រឈម ជាពិសេសតម្រង់ទិស និងផ្តល់ដំណោះស្រាយសមស្រប
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងដោយមានការចូលរួមពីទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអម ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនផ្សេងទៀត។
ការរៀបចំសន្និបាតនេះ គឺដើម្បីបូកសរុបវឌ្ឍនភាពការងារ ពិនិត្យបញ្ហាប្រឈម ជាពិសេសតម្រង់ទិស និងផ្តល់ដំណោះស្រាយសមស្រប ក៏ដូចជាទស្សនៈ និងអនុសាសន៍សំខាន់ៗ ជូនមន្ត្រីគ្រប់ជាន់ថ្នាក់ និងគ្រប់អង្គភាព ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញការងារដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញ ឱ្យមានគុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើងបន្តទៀត។
ថ្លែងក្នុងពិធីបើកសន្និបាត លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងនូវគោលការណ៍ចំនួន៤ សម្រាប់តម្រង់ទិសកិច្ចពិភាក្សា និងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមមាន៖
ទី១. ត្រូវបន្តលើកកម្ពស់គុណភាពប្រព័ន្ធការងារ ការអភិវឌ្ឍធនធានមនុស្ស និងវិន័យការងារ ដើម្បីឱ្យទីស្តីការគណៈរដ្ឋមន្រ្តីអាចបំពេញតួនាទីជាសេនាធិការបានកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។
ទី២. ត្រូវធានាថាការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការសម្របសម្រួល និងការតាមដានអនុវត្តមានភាពច្បាស់លាស់ រហ័ស និងមានគុណភាពខ្ពស់ដើម្បីគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។
ទី៣. ក្នុងបរិបទដែលមានភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងកាន់តែខ្លាំង ត្រូវបង្កើនសមត្ថភាពវិភាគ ការព្យាករ វាយតម្លៃសភាពការណ៍តំបន់ និងសកលឱ្យបានគ្រប់ជ្រុងជ្រោយ និងកំណត់ការឆ្លើយតបជាយុទ្ធសាស្ត្រ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
និងទី៤. ការប្រែក្លាយគោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការនានាដែលបានដាក់ចេញឱ្យទៅជាការអនុវត្តជាក់ស្តែង។ ត្រូវផ្តោតលើការអនុវត្ត ដោយកំណត់អាទិភាព កាលកំណត់ និងការទទួលខុសត្រូវឱ្យបានច្បាស់ ដើម្បីធានាថា សេចក្តីសម្រេចនានាអាចអនុវត្តបានពិតប្រាកដ និងឃើញលទ្ធផលជាក់ស្តែង។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្រ្តី បាននិងកំពុងបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ ភាពវៃឆ្លាត និងភាពស្អាតស្អំ ព្រមទាំងការរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំជាអង្គតែមួយ។ ជាមួយគ្នានេះ, ទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តពង្រឹងវិន័យការងារ និងលើកកម្ពស់កិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលទាំង៤ គឺ ទី១. នីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ, ទី២. គុណាធិបតេយ្យ, ទី៣. សាមគ្គីភាពនិងបរិយាបន្ន និង ទី៤. វិជ្ជាជីវៈនិងក្រមសីលធម៌ ដើម្បីធានាថា ការដឹកនាំ និងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ប្រកបដោយភាពរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ស្ដីការគណៈរដ្ឋមន្ត្រី បានកំពុងកែលម្អឱ្យកាន់តែល្អប្រសើរឡើងនូវ៖ (១) ការរៀបចំកិច្ចដំណើរការរបស់គណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី; (២) ការសិក្សាស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសំណើ ឯកសារ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ស្ថាប័ន ទាំងក្នុងទិដ្ឋភាពច្បាប់ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន; (៣) ការសម្របសម្រួលកិច្ចការអន្តរក្រសួង និងអនុវត្តមុខងារពិសេសតាមការចង្អុលបង្ហាញ និងការសម្រេចរបស់រាជរដ្ឋាភិបាល; និង(៤) ការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងការអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល៕