ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន៖ តម្លៃនៃការដឹកជញ្ជូននៅកម្ពុជា បានកើនឡើងប្រមាណ២៥-៣០ភាគរយ ក្នុងមួយកុងតឺន័រ បន្ទាប់ពីមានវិបត្តិប្រេងឥន្ធនៈជាសកល
ភ្នំពេញ៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីមានវិបត្តិប្រេងឥន្ធនៈជាសកល មានផលប៉ះពាល់យ៉ាងខ្លាំង ចំពោះវិស័យដឹកជញ្ជូន ដោយក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនមួយចំនួននៅកម្ពុជា បានដំឡើងថ្លៃចម្លោះពី២៥ ទៅ៣០ភាគរយ ក្នុងមួយកុងតឺន័រ។
ថ្លែងក្នុងមហាសន្និបាតប្រចាំឆ្នាំ លើកទី៦ របស់សមាគម ក្រោមអធិបតីលោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦, លោក ជា ចាន់ដារ៉ា បានឱ្យដឹងដែរថា ចំពោះតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិវិញ បណ្តាក្រុមហ៊ុនមួយចំនួន ក៏បាននិងកំពុងដំឡើងតម្លៃដឹកជញ្ជូន ប្រមាណ២០ទៅ៣០ភាគរយផងដែរ។
លោក ជា ចាន់ដារ៉ា លើកឡើងថា "ជាក់ស្តែងក្រុមហ៊ុនក្នុងស្រុកមួយចំនួន គាត់ Charge (គិតថ្លៃ) ឡើងថ្លៃប្រមាណ២៥ទៅ៣០ភាគរយ ក្នុងមួយទូរកុងតឺន័រ ហើយការដឹកជញ្ជូនតាមផ្លូវទឹកជាអន្តរជាតិវិញ ក្រុមហ៊ុនមួយចំនួន ក៏កំពុងតែដំឡើងដែរ ខ្ទង់២០ទៅ៣០ភាគរយផងដែរ"។
លោកប្រធានសមាគម បានឱ្យដឹងដែរថា បើទោះបីជាតម្លៃប្រេងឥន្ធនៈ មានការកើនឡើងយ៉ាងគំហុកយ៉ាងណាក្តី ចំពោះទំហំនៃការដឹកជញ្ជូននៅកម្ពុជា មិនទាន់មានការថមថយនៅឡើយទេ។
លោកប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់ទំនិញ សូមឱ្យមានការជួយគ្នាទៅវិញទៅមក ក្នុងគ្រាមានវិបត្តិនេះ ពោលគឺរកចំណុចរួមមួយ ដែលមិនធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនកើនឡើងខ្ពស់ពេក ព្រោះប្រសិនបើការដឹកជញ្ជូនថ្លៃនោះ នឹងធ្វើឱ្យតម្លៃទំនិញនៅលើទីផ្សារ ក៏ឡើងថ្លៃផងដែរ។
សូមជម្រាបថា មហាសន្និបាតប្រចាំឆ្នាំ លើកទី៦ របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀបចំឡើងក្រោមប្រធានបទ "ការកកស្ទះទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ" ដោយក្នុងនោះ មានការពិភាក្សា និងបកស្រាយចម្ងល់យ៉ាងផុសផុល ពីសំណាក់តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅធ្វើយ៉ាងណា ឱ្យដំណើរការអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី