ព័ត៌មានជាតិ

កងទ័ពអ៊ីរ៉ង់ ប្រកាសពីការវាយប្រហារលើទីតាំងផលិតយន្តហោះនិងមីស៊ីលរបស់អ៊ីស្រាអ៊ែល រួមទាំងទីតាំងយន្តហោះស៊ើបការណ៍អាម៉េរិក ក្នុងតំបន់

image

អ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃចុងសប្ដាហ៍ថា កងទ័ពរបស់ខ្លួន បានបើកប្រតិបត្តិការវាយប្រហារដោយដ្រូនយ៉ាងខ្លាំងក្លា ដែលសំដៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីស្រាអ៊ែល និងសហរដ្ឋអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ។

គោលដៅចម្បង រួមមាន រោងចក្រផលិតយន្តហោះចម្បាំងនិងមីស៊ីលរបស់អ៊ីស្រាអ៊ែល (IAI) នៅក្បែរមូលដ្ឋានទ័ពអាកាស ប៊ែនហ្គូរៀន (Ben Gurion) និងទីតាំងយន្តហោះស៊ើបការណ៍អាម៉េរិក នៅឯមូលដ្ឋានទ័ពអាកាស ព្រីន ស៊ុលតង់ (Prince Sultan) ក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល ដែលបានធ្វើឡើងដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។

ទោះបីជាមានការអះអាងពីខាងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែភាគីយោធាអាម៉េរិក និងអ៊ីស្រាអ៊ែលនៅមិនទាន់បញ្ចេញព័ត៌មានលម្អិត ឬទទួលស្គាល់ពីទំហំនៃការខូចខាតដែលបង្កឡើងដោយដ្រូនទាំងនោះនៅឡើយទេ។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន VIORY ដែលចេញផ្សាយដំណឹងនេះ ក៏មិនទាន់អាចបញ្ជាក់ដោយឯករាជ្យអំពីកាលបរិច្ឆេទនិងទីតាំងនៃវីដេអូខាងលើនេះនៅឡើយនោះដែរ ។

គួររំឭកថា ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីមានការបញ្ជាក់ជាផ្លូវការអំពីមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី ដោយមរណភាពនេះ បានក្លាយជាកម្លាំងរុញច្រានឱ្យក្រុមហេសបូឡាហ៍នៅប្រទេសលីបង់ សម្រេចចិត្តចូលរួមក្នុងសង្រ្គាម ដើម្បីសងសឹកឱ្យមេដឹកនាំអ៊ីរ៉ង់ ដែលធ្វើឱ្យសមរភូមិវាយប្រហាររីកកាន់តែធំ និងមិនអាចគ្រប់គ្រងបាន ។

ឥទ្ធិពលនៃជម្លោះនេះ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក តាមរយៈការរំខានដល់ផ្លូវដឹកជញ្ជូនតាមសមុទ្រ ជាពិសេសការបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់។ ភាពរអាក់រអួលនេះ បានធ្វើឱ្យតម្លៃប្រេងឆៅអន្តរជាតិហក់ឡើងខ្ពស់ ដែលបង្កជាវិបត្តិថាមពល និងស្ថានភាពលំបាកនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ។

ស្ថានការណ៍បច្ចុប្បន្ន ហាក់កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និងប្រកបដោយភាពគ្រោះថ្នាក់ជាខ្លាំង ខណៈពិភពលោក កំពុងតែតាមដានមើលថាតើការចរចាការទូតអាចត្រឡប់មកវិញ ឬសង្រ្គាមដ៏ធំនឹងផ្ទុះឡើងបន្ថែមទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ UPI on Microsoft Bing