សម្តេច ម៉ែន សំអន ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ លោកស្រី ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណ សិរ្សមាតុភូមិវៀតណាម ដែលមានរយៈ ពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦។
សូមជម្រាបជូនថា ក្នុងដំណើរទស្សន កិច្ចផ្លូវការនេះ សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបពិភាក្សាការងារជាមួយប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរ។
បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គម និយមវៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុ ភូមិវៀតណាម (២០២៦-២០៣១) ដែល កិច្ចព្រមព្រៀងនេះ បានបន្តអនុវត្តកម្មវិធី សហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០- ២០២៥) ទទួលបានលទ្ធផលគួរជាទីមោទនៈ។
យោងតាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងប្រទេសវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប្លិ៍កំពូលភ្នំ Fan si pan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀតនៅក្នុងខេត្តនិញប៊ិញផងដែរ៕
អត្ថបទ៖ វង សុភ័ក្ត្រ