ពលរដ្ឋភៀសសឹកនៅតែនឹកផ្ទះចាស់របស់គាត់ដែលថៃបានឈ្លានពាន ដោយចង់ទៅរស់នៅវិញ ទោះជាពួកគាត់បានជម្រកថ្មីបណ្តោះអាសន្នសមរម្យក៏ដោយ
បន្ទាយមានជ័យ៖ ទោះបីជាទទួលបានជម្រកបណ្ដោះអាសន្នថ្មី ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំជូនមានលក្ខណៈសមរម្យ ទីធ្លារធំទូលាយ ងាយស្រួលរស់នៅជាងមណ្ឌលសុវត្ថិភាព ក៏ពលរដ្ឋភៀសសឹកនៅតែនឹករលឹកផ្ទះសម្បែងដែលត្រូវបានយោធាថៃឈ្លានពាន ដែលពួកគាត់ធ្លាប់រស់នៅជាច្រើនឆ្នាំមកហើយ។ ពួកគាត់ចង់វិលត្រលប់ទៅផ្ទះវិញឱ្យបានឆាប់តាមដែលអាចធ្វើបានដោយទាមទារឱ្យភាគីថៃ ដកកងកម្លាំង ទូរកុងតឺន័រ និងបន្លាលួសចេញពីទឹកដីកម្ពុជា។
ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ការរស់នៅក្នុងផ្ទះសម្បែងនៅតំបន់បឹងត្រកួនយ៉ាងកក់ក្ដៅ និងសុខសាន្តជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅចុងឆ្នាំ២០២៥ យោធាថៃឈ្លានពានបានដាក់ទូរកុងតឺន័រ រាយបន្លាលួសព័ទ្ធយកផ្ទះរបស់អ្នកស្រី និងអ្នកភូមិផ្សេងទៀតជាច្រើនគ្រួសារ។ ពួកគាត់ពិតជានឹករលឹក និងសោកស្ដាយចំពោះការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលខំប្រឹងរកទុកដាក់ជាច្រើនឆ្នាំមកនេះ តែត្រូវបំផ្លាញដោយយោធាថៃ។
ពួកគាត់បានលើកឡើងថា នៅពេលដែលចូលទៅរស់នៅជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀបចំជូន ពួកគាត់មានអារម្មណ៍ថាស្រួលរស់នៅ ស្រឡះមុខស្រឡះមាត់ ងាយស្រួលស្នាក់នៅជាងការស្នាក់នៅមណ្ឌលសុវត្ថិភាព។ ការរស់មណ្ឌលសុវត្ថិភាពវត្តកណ្ដោលជាង២ខែមកនេះ បានជួបប្រទះនូវបញ្ហាមួយចំនួន ដូចជា បរិយាកាសមិនអំណោយផល អាកាសធាតុអាក្រក់ កង្វះទឹកបន្ទប់ទឹក និងទឹកប្រើប្រាស់បន្តិចបន្តួច ព្រោះនៅទីនោះមានពលរដ្ឋភៀសសឹករស់នៅជាង ១៥០០គ្រួសារ។ ទោះបីជម្រកបណ្ដោះអាសន្នថ្មីរស់នៅមានភាពងាយស្រួលយ៉ាងណា ក៏ពលរដ្ឋនៅតែនឹកផ្ទះ ចង់បានផ្ទះ និងដីធ្លីមកវិញតាមរយៈមធ្យោបាយសន្តិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគាត់ក៏បានបង្ហាញពីការគាំទ្រចំពោះរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ដើម្បីទាមទារទឹកដីយកមកវិញ។
សូមបញ្ជាក់ថា ពលរដ្ឋភៀសសឹកនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងពលរដ្ឋមកពីភូមិចំនួន៥នៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាង២៨០០គ្រួសារ ត្រូវបានរាជរដ្ឋាភិបាលរៀបចំសាងសង់រចនាសម្ព័ន្ធ និងជម្រកបណ្ដោះអាសន្ន សម្រាប់ឱ្យរស់នៅអន្តរកាលនៅក្នុងភូមិសាស្ត្រភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ក្នុងពេលដែលរដ្ឋាភិបាលកំពុងទាមទារទឹកដីដែលថៃកាន់កាប់តាមវិធានការការទូត និងផ្លូវច្បាប់។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្នពលរដ្ឋសរុប ៨២២គ្រួសារមកពីតំបន់បឹងត្រកួន ក្នុងនោះភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ ដែលចាប់ឆ្នោតចូលរស់នៅជម្រកបណ្ដោះអាសន្នជាលើកទី១ កាលពីថ្ងៃ១៨ ខែមីនា បានបន្តរៀបចំ និងចូលស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នបណ្ដើរៗហើយ។ ចំពោះការចាប់ឆ្នោតជាលើកទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ខែមេសា ដើម្បីឱ្យពលរដ្ឋភៀសសឹកក្នុងខេត្តបន្ទាយមានជ័យអាចចូលរស់នៅក្នុងជម្រកបណ្ដោះអាសន្នមុនរដូវវស្សារមកដល់។
លោក ឃ្លោក នួយ បានអះអាងថា រាជរដ្ឋាភិបាល បានសាងសង់ជម្រកបណ្ដោះអាសន្នប្រមាណ ៣ពាន់ខ្នង នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដោយភ្ជាប់មកនូវហេដ្ឋារចនាសម្ព័ន្ធតបណ្ដាញទឹកស្អាត អគ្គិសនីចូលដល់ក្នុងខ្នងផ្ទះ ផ្លូវខ្វាត់ខ្វែង និងមានផ្លូវធំចាក់បេតុង ដាក់លូ សាងសង់សាលារៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យ និងមន្ទីរពេទ្យ និងរៀបចំគម្រោងផ្សេងៗគាំទ្រដល់ការរស់នៅចិញ្ចឹមជីវិតពលរដ្ឋ ដែលរៀបចំជាលក្ខណៈទីប្រជុំជន។
សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថា រាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី៕