ព័ត៌មានជាតិ

ពលរដ្ឋភៀសសឹកប្រមាណ ៨០០គ្រួសារហើយ បានទៅរស់នៅផ្ទះបណ្តោះអាសន្ន ដែលរដ្ឋាភិបាលសាងសង់រួចរាល់ជាជំហានទី១ នៅស្រុកស្វាយចេក

image

បន្ទាយមានជ័យ៖ ពលរដ្ឋភៀសសឹក មកពីភូមិបន្ទាយមានរិទ្ធ ៥០៤គ្រួសារ និងភូមិសាមគ្គី ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានចាប់ឆ្នោតជំហានដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កំពុងបន្តទៅស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចរាល់ជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ នេះបើយោងតាមការឱ្យដឹងពី លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

លោក ឃ្លោក នួយ បានបញ្ជាក់ថា ផ្ទះនេះរាជរដ្ឋាភិបាលសាងសង់ឡើងសម្រាប់គ្រួសារអតីតយុទ្ធជន តែត្រូវឱ្យពលរដ្ឋភៀសសឹកបានទៅស្នាក់នៅបណ្តោះអាសន្នសិន ដែលមានផ្ទៃដី ២០ គុណ ៣០ម៉ែត្រ។ នៅទីនេះក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្សារ និងទីស្នាក់ការសន្តិសុខ ទឹក ភ្លើង សម្រាប់ប្រេីប្រាស់គ្រប់គ្រាន់ ហើយក្នុងការមកស្នាក់នៅបណ្តោះអាសន្ននេះ រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង រយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួយខ្នងផ្ទះប្រេីប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។

លោក ឃ្លោក នួយ ក៏បានឱ្យដឹងដែរថា ពិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ជូនប្រជាពលរដ្ឋភៀសសឹក បានធ្វើឡើងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលសុវត្ថិភាពវត្តកណ្តោល ក្រោមអធិបតីភាពពី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពី លោក ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជដ្ឋបាលភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួក។ សម្រាប់ការចាប់ឆ្នោតជំហានទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងបន្តសាងសង់ផ្ទះសម្រាប់ជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ ៣០០ខ្នងផ្ទះហេីយ។ តាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣០០០ខ្នង ឱ្យរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ៕