ធនាគារជាតិនៃកម្ពុជា ចេញប្រកាសថ្មី ដើម្បីផ្តល់កម្ចីចាំបាច់ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជួបបញ្ហាខ្វះសាច់ប្រាក់បណ្តោះអាសន្ន ក្នុងគ្រាដែលសេដ្ឋសកលស្ថិតក្នុងភាពមិនច្បាស់លាស់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសថ្មីមួយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជំនួយសន្ទនីយភាព (ហិរញ្ញវត្ថុ) ចាំបាច់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ នៅពេលជួបបញ្ហាខ្វះសាច់ប្រាក់បណ្ដោះអាសន្ន។
ប្រកាសនេះ ត្រូវបានដាក់ឱ្យអនុវត្តជំនួសប្រកាសចាស់ឆ្នាំ២០១៥ ដោយមានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងបង្កើនភាពរឹងមាំរបស់ប្រព័ន្ធធនាគារ ទាំងមូល។
យោងតាមប្រកាសថ្មី ស្តីពី «ការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ» នេះ គ្រឹះស្ថានណាដែលជួបបញ្ហាសាច់ប្រាក់ក្នុងរយៈពេលខ្លី អាចស្នើសុំកម្ចីពីធនាគារជាតិបាន ប៉ុន្តែការជួយនេះ គឺជាជម្រើសចុងក្រោយ បន្ទាប់ពីបានព្យាយាមដោះស្រាយដោយខ្លួនឯងរួចហើយ។
វិធានការនេះ មានគោលដៅទប់ស្កាត់ហានិភ័យធំៗ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ខណៈសេដ្ឋកិច្ចសកលកំពុងប្រឈមភាពមិនប្រាកដប្រជា រួមទាំងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះព្រំដែនកម្ពុជា-ថៃ និងការកើនឡើងតម្លៃប្រេង បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរអាណាព្យាបាល នឹងធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មុនពេលផ្តល់ជំនួយ ដើម្បីធានាថា ការអនុវត្តមានលក្ខខណ្ឌច្បាស់លាស់ តម្លាភាព និងគោរពតាមគោលការណ៍គ្រប់គ្រងហានិភ័យយ៉ាងតឹងរឹង។
យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅតែមានភាពរឹងមាំ និងមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់គាំទ្រតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ច ខណៈវិស័យនេះកំពុងដំណើរការជាធម្មតា ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងមានសូចនាករភាពធន់លើសកម្រិតកំណត់។
ព័ត៌មានលម្អិតមានភ្ជាប់នៅក្នុងប្រកាសស្តីពី ការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ នៅខាងក្រោម៖