លោកបណ្ឌិត គុណ ញឹម នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារ ផ្តល់ជូនជនភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងកងកម្លាំង
បន្ទាយមានជ័យ៖ សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងភរិយា ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារ ផ្តល់ជូនជនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក។ ព្រមទាំង ទាំងនាំយកនូវស្បៀង មានគ្រឿងឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោកបណ្ឌិត គុណ ញឹម ក៏បានជួបសំណេះសំណាលផ្ទាល់ជាមួយនឹងជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានរៀបចំជូនស្នាក់បណ្តោះអាសន្នចំនួន៤ទីតាំង ក្នុងស្រុកអូរជ្រៅ២ទីតាំង និងស្រុកថ្មពួក ២ទីតាំង។
លោក អរគុណចំពោះប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះព្រំដែន ដែលមានការអត់ធ្មត់ និងជឿជាក់ទៅលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលក្រោមការ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃឈ្លានពានរំលោភមកលេីដែនអធិបតេយ្យភាពរបស់កម្ពុជា។
លោក ក៏បានអំពាវនាវ ឱ្យបន្តរក្សាការអត់ធ្មត់ និងជឿជាក់ទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ឱ្យវិលត្រលបទៅរកស្ថានភាពដូចមុន និងអាចឱ្យបងប្អូនឆាប់បសនវិលត្រឡប់ទៅលំនៅឋានវិញ។
លោក ក៏បានបញ្ជាក់ថា បើទោះបីជាទីនេះមិនដូចការរស់នៅផ្ទះបងប្អូន លោក សុំឱ្យបងប្អូនភៀសសឹករស់នៅជាមួយគ្នា សាមគ្គីភាពគ្នា និងចូលរួមថែរក្សាសុខភាពឱ្យបានល្អ ត្រូវមានអនាម័យក្នុងការរស់នៅ ហេីយលោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ពិសេសលោក អ៊ុំ រាត្រី អភិបាល ខេត្ត ដែលជានិច្ចកាលតែងតែនៅជាមួយនឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកចោលបងប្អូនចោលឡើយ ៕