ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បើកវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារ និងប្រតិបត្តិការអាជីវកម្មសម្រាប់វិស័យសុខាភិបាល

image

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ សភាពាណិជ្ជកម្មកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារ និងប្រតិបត្តិការអាជីវកម្មសម្រាប់វិស័យសុខាភិបាល ក្រោមវត្តមានលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយរួមសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុន CodingateTechnology ព្រមទាំងទទួលបានការគាំទ្រពី សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយ ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងផ្នែកឌីជីថល ជាពិសេសគឺបញ្ញាសិប្បនិម្មិត (AI) ឱ្យមានលក្ខណៈសាមញ្ញ និងងាយស្រួលយល់ ដើម្បីឱ្យលោកអ្នកអាចយកទៅអនុវត្តផ្ទាល់ក្នុងភាសាខ្មែរយើង។ ជាមួយនេះ គឺដើម្បីបង្ហាញពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) អាចក្លាយជាជំនួយការដ៏សកម្មក្នុងការងារសុខាភិបាល និងការងារទូទៅផ្សេងៗទៀត ដើម្បីកាត់បន្ថយបន្ទុកការងាររដ្ឋបាល និងបង្កើនប្រសិទ្ធិភាព។

លោកឧកញ៉ា ងួន ម៉េងតិច បានលើកឡើងបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវឧបករណ៍យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងអាជីវកម្មសុខាភិបាល តាមរយៈបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយចំណាយដែលមិនចាំបាច់ និងពង្រឹងផលិតភាពឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើនទំនុកចិត្តដល់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺ និងអតិថិជន។

លោកឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ថា “នៅក្នុងបរិបទនៃសេដ្ឋកិច្ចសកលភាវូបនីយកម្មឌីជីថល បច្ចេកវិទ្យា មិនមែនជាប្រធានបទថ្មីទៀតនោះទេ ប៉ុន្តែវាបានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាលផងដែរ។ ក្នុងនាមជាអ្នកបម្រើសេវាសុខាភិបាល ការប្រើប្រាស់បច្ចេកវិទ្យា មិនត្រឹមតែជួយសម្រាលបន្ទុកការងាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ជំនួយការដ៏ឆ្លាតវៃ" ដែលជួយឱ្យយើងអាចផ្ដោតលើការយកចិត្តទុកដាក់ចំពោះអ្នកជំងឺបានកាន់តែប្រសើរ និងគ្រប់គ្រងអាជីវកម្មបានកាន់តែរឹងមាំ។”

លោកឧកញ៉ា ងួន ម៉េងតិច ជឿជាក់យ៉ាងមុតមាំថា ចំណេះដឹង និងបច្ចេកទេសដែលនឹងទទួលបាននាពេលនេះ នឹងក្លាយជាទុន ក៏ដូចជាបទពិសោធន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍស្ថាប័ន ឱ្យកាន់តែរីកចម្រើន និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ស្របតាមបរិបទឌីជីថល។ ឯកឧត្តម លើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកចូលរួមទាំងអស់ សូមចូលរួមឱ្យបានយ៉ាងសកម្មបំផុត ទាំងការសួរដេញដោលទៅកាន់វាគ្មិនជំនាញ និងការអនុវត្តផ្ទាល់នៅលើឧបករណ៍បច្ចេកវិទ្យាដែលបានរៀបចំជូន។

សូមបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តែងតែណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅកាន់សមាជិក-សមាជិកា និងជាពិសេស អាជីវករ ពាណិជ្ជករ និងធុរជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការបង្កើតឱ្យមានកម្មវិធីផ្សេងៗ ដើម្បីទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់ការបង្កើនប្រសិទ្ធភាពអាជីវកម្មស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃសកលលោក។

កម្មវិធីបណ្ដុះបណ្ដាលនេះ ទទួលបានការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, កំពង់ផែស្វយ័តភ្នំពេញ, Seng kree printing និង W-King Cambodia៕